អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នឹងចូលរួមពិធីបុណ្យសពអតីតមេដឹកនាំជប៉ុន លោក Shinzo Abe នៅទីក្រុងតូក្យូ ចុងខែនេះ
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យម្នាក់បាននិយាយកាលពីថ្ងៃពុធថា អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Kamala Harris នឹងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូនៅចុងខែនេះ ដើម្បីចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បន្ទាប់មកនឹងធ្វើដំណើរបន្តទៅកាន់ប្រទេសកូរ៉េខាងត្បូង។
លោកស្រី Kirsten Allen លេខាធិការសារព័ត៌មានរបស់ លោកស្រី Kamala Harris បាននិយាយថា "ដំណើរទស្សនកិច្ចរបស់ លោកស្រី Kamala Harris នឹងផ្តល់ជាកិត្តិយសដល់អតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe និងបញ្ជាក់ពីសារៈសំខាន់នៃការដឹកនាំរបស់លោកក្នុងការពង្រឹងសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិកនិងជប៉ុន និងការជំរុញដំណើរការឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ" ។
ជាក់ស្តែង ដំណើរទស្សនកិច្ចនេះនឹងចាប់ពីថ្ងៃទី ២៥-២៩ ខែកញ្ញា ជាដំណើរទស្សនកិច្ចលើកទីពីររបស់ លោកស្រី Kamala Harris ទៅកាន់អាស៊ី។
គួរបញ្ជាក់ថា កិច្ចប្រជុំរបស់លោកស្រីជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៅទីក្រុងតូក្យូ និងកូរ៉េខាងត្បូង ក្នុងខែនេះ នឹងផ្តោតលើផលប្រយោជន៍សេដ្ឋកិច្ច និងសន្តិសុខរួមគ្នារបស់អាមេរិកនៅក្នុងតំបន់ ហើយបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះឥណ្ឌូប៉ាស៊ីហ្វិក ដោយសេរី និងបើកចំហ។ NR