ម៉ិកស៊ិក៖ អាជ្ញាធរអន្តោប្រវេសន៍ បាននិយាយកាលពីថ្ងៃអង្គារថា សមាជិកជាង ១.៥០០ នាក់ នៃក្រុមជនចំណាកស្រុក ដែលធ្វើដំណើរឆ្ពោះទៅព្រំដែនសហរដ្ឋអាមេរិក ពីភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីខែមុន ត្រូវបានចេញឯកសារដើម្បីឱ្យពួកគេមានការស្នាក់នៅជាទៀងទាត់នៅក្នុងប្រទេសម៉ិកស៊ិក។

វិទ្យាស្ថានជាតិទេសន្តរប្រវេសន៍ (ហៅកាត់ INM) បាននិយាយថា ខ្លួនបានផ្តល់ប័ណ្ណធ្វើចំណាកស្រុករបស់ជនបរទេសចំនួន ១.៥៧៤ នាក់ និងធានាថាពួកគេអាចធ្វើការនៅក្នុងប្រទេសម៉ិកស៊ិក ចាប់តាំងពីក្រុមអ្នកដំណើរបានចាប់ផ្តើមនៅថ្ងៃទី ២៣ ខែតុលា។

ដោយស៊ូទ្រាំនឹងអាកាសធាតុមិនល្អនិងស្ថិតក្រោមសម្ពាធពីមន្ត្រីឱ្យបោះបង់ការធ្វើដំណើរ ក្រុមអ្នកដំណើរដែលផ្ទុកទៅដោយស្ត្រីនិងកុមារជាច្រើន បានដំណើរការយឺតៗឆ្លងកាត់ភាគខាងត្បូងប្រទេសម៉ិកស៊ិក ហើយកាលពីថ្ងៃអង្គារ បានផ្លាស់ទៅរដ្ឋឈូងសមុទ្រ Veracruz ពី Oaxaca ដែលនៅជិតខាងនោះ។

យ៉ាងណាម៉ិញ លោក Hector Martinez មន្ត្រីជាន់ខ្ពស់ INM បានបដិសេធថា អាជ្ញាធរមិនបានព្យាយាមរារាំងដំណើរការរបស់អ្នកធ្វើដំណើរនោះទេ ប៉ុន្តែបានជំរុញម្តងទៀតឱ្យសមាជិករបស់ខ្លួនទទួលយកឯកសារដើម្បីស្នាក់នៅប្រទេសម៉ិកស៊ិក។

ភាគច្រើននៃប្រជាជននៅក្នុងក្រុមអ្នកធ្វើដំណើរគឺជាជនជាតិអាមេរិកកណ្តាល ក៏ដូចជាប្រជាជនមកពីតំបន់ការ៉ាប៊ីន ដែលកំពុងតែស្វែងរកការគេចពីបញ្ហាសេដ្ឋកិច្ច និងបញ្ហាសន្តិសុខនៅក្នុងប្រទេសកំណើតរបស់ពួកគេ។

គួររំលឹកថា អ្នករៀបចំនៃក្រុមនេះបាននិយាយថា ក្រុមអ្នកធ្វើដំណើរថ្មីដែលមានជនជាតិហៃទីកាន់តែច្រើន អាចចាកចេញពីទីក្រុង Tapachula ភាគខាងត្បូងម៉ិកស៊ិកនៅថ្ងៃព្រហស្បតិ៍។ អ្នករៀបចំក្រុម លោក Luis Garcia Villagran បាននិយាយថា ការសម្រេចចិត្តនឹងត្រូវបានធ្វើឡើងនៅថ្ងៃពុធ អំពី ថាតើត្រូវចាកចេញឬអត់។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ