JAKARTA៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) កាលពីថ្ងៃសុក្រ (ថ្ងៃទី១៩ ខែមីនា) បានអំពាវនាវឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ និងបញ្ឈប់អំពើហឹង្សានៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមេដឹកនាំអាស៊ីអាគ្នេយ៍បើកការប្រជុំជាន់ខ្ពស់ដើម្បីពិភាក្សាពីស្ថានភាពនៅទីនោះ។

លោកបានថ្លែងនៅក្នុងសុន្ទរកថាថា “ខ្ញុំនឹងទាក់ទងទៅស៊ុលតង់នៃប្រទេសប្រ៊ុយណេដារូសាឡឹម (Sultan of Brunei Darussalam) ដែលជាប្រមុខអាស៊ានឱ្យបានឆាប់ដើម្បីធ្វើកិច្ចប្រជុំអាស៊ានជាន់ខ្ពស់ឱ្យបានឆាប់ដើម្បីពិភាក្សាពីវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា” ។ បច្ចុប្បន្នប្រទេសប៊្រុយណេ ជាប្រធានសមាគមអាស៊ានដែលមានសមាជិកទាំង ១០ ប្រទេស។

យោងតាមគេហទំព័ររបស់យោធាបានអោយដឹងថា ប្រមុខកងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ីលោក Hadi Tjahjanto ក៏បានសម្តែងការព្រួយបារម្ភផងដែរអំពីស្ថានភាពនៅមីយ៉ាន់ម៉ា នៅក្នុងសន្និសីទតាមប្រព័ន្ធវីដេអូរបស់ប្រមុខការពារជាតិអាស៊ីអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍។

ទូរទស្សន៍រដ្ឋបានបង្ហាញថា មេដឹកនាំរដ្ឋប្រហារមីយ៉ាន់ម៉ាលោកឧត្តមសេនីយ៍ Min Aung Hlaing កំពុងមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ ដែលជាការចូលរួមជាអន្តរជាតិលើកដំបូងរបស់លោកចាប់តាំងពីការដណ្តើមអំណាច។

ប្រទេសឥណ្ឌូនេស៊ីបានជួបពិភាក្សាគ្នាយ៉ាងខ្លាំងជាមួយ ភាគីទាំងខាងយោធាមីយ៉ាន់ម៉ានិងតំណាងរដ្ឋាភិបាលជាប់ឆ្នោតដែលត្រូវបានបណ្តេញចេញកាលពីខែមុន ក្នុងគោលបំណងបញ្ចប់វិបត្តិជុំវិញរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ។

ប្រទេសឥណ្ឌូនេស៊ីបាននាំមុខនៅក្នុងអាស៊ានក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយភាពចលាចលរបស់មីយ៉ាន់ម៉ា។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក Retno Marsudi បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសដែលត្រូវបានតែងតាំងដោយយោធាមីយ៉ាន់ម៉ាគឺលោក Wunna Maung Lwin ដើម្បីពិភាក្សានៅទីក្រុងបាងកកនៅថ្ងៃទី ២៤ ខែកុម្ភៈ។

គួររំលឹកផងដែរថា ក្រុមអ្នកប្រឆាំងរដ្ឋប្រហារបានធ្វើបាតុកម្មជាច្រើនសប្តាហ៍នៅតាមទីប្រជុំជន និងទីក្រុងនានាទូទាំងប្រទេសមីយ៉ាន់ម៉ា ដោយមានក្រុមបាតុករជាច្រើនបានស្លាប់នៅក្នុងអំពើហិង្សាជាបន្តបន្ទាប់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ