សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ៩ ខែកញ្ញានេះថាកូរ៉េខាងជើងបានប្រារព្ធខួបលើកទី ៧៣ នៃការបង្កើតមូលដ្ឋានរបស់ខ្លួនជាមួយនឹងក្បួនដង្ហែរយោធាមួយយប់។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៩ កញ្ញា ២០២១៕

ទីភ្នាក់ងារព័ត៌មានផ្លូវការ KCNA បាននិយាយថាលោកគីម ជុងអ៊ុន មេដឹកនាំនៃរដ្ឋឯកោបានចូលរួមព្រឹត្តិការណ៍នេះខណៈកងកម្លាំងសន្តិសុខនិងសន្តិសុខសាធារណៈបានចាប់ផ្តើមដើរក្បួននៅទីលានគីម អ៊ីលស៊ុង ក្នុងរដ្ឋធានីព្យុងយ៉ាងនៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ។

ដោយឡែក ព្យុហយាត្រាយោធា ត្រូវបានគេឃើញថាមិនមានការដាក់បង្ហាញមីស៊ីលនោះទេ ហើយលោកគីមមិនបានថ្លែងសុន្ទរកថាអ្វីឡើយមិនដូចកាលពីខែតុលាឆ្នាំមុននៅពេលដែលប្រទេសនេះបានរៀបចំក្បួនព្យុហយាត្រាយោធាមុនពេលដាក់បង្ហាញកាំជ្រួចអន្តរទ្វីប។

លើសពីនេះទៅទៀត ប្រទេសកូរ៉េខាងជើងមិនបានបញ្ជាក់ពីករណីឆ្លងជំងឺកូវីដ ១៩ ទេប៉ុន្តែបានបិទព្រំដែននិងដាក់ចេញវិធានការការពារយ៉ាងតឹងរ៉ឹងដោយមើលឃើញថាជំងរាតត្បាតគឺជាបញ្ហានៃការរស់រានមានជីវិតរបស់ជាតិ។

គួរម្លឹកផងដែរថា កិច្ចពិភាក្សាដែលមានគោលបំណងបញ្ចុះបញ្ចូលកូរ៉េខាងជើងឱ្យបោះបង់អាវុធនុយក្លេអ៊ែរនិងឃ្លាំងអាវុធមីស៊ីលផ្លោងរបស់ខ្លួនបានជាប់គាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថាខ្លួននឹងស្វែងរកការទូតដើម្បីសម្រេចបាននូវការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងប៉ុន្តែមិនបានបង្ហាញពីឆន្ទៈក្នុងការបំពេញតម្រូវការកូរ៉េខាងជើងដើម្បីបន្ធូរបន្ថយទណ្ឌកម្មនោះទេ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ