ខេត្តក្វាងទុងរបស់ប្រទេសចិនរាយការណ៍ពីការឆ្លងជំងឺផ្តាសាយបក្សី H5N6 មកមនុស្ស
ប៉េកាំង៖ អាជ្ញាធរសុខាភិបាលនៅខេត្តក្វាងទុងភាគខាងត្បូង ប្រទេសចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា មានករណីមួយដែលមនុស្សបានឆ្លងជំងឺផ្តាសាយបក្សីប្រភេទ H5N6 ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Huizhou ។
គណៈកម្មការសុខាភិបាលខេត្តក្វាងទុងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកជំនាញបានចាត់ទុកហានិភ័យនៃការឆ្លងក្នុងកម្រិតទាប នៅដំណាក់កាលនេះ។
ទោះជាយ៉ាងនេះក្តី គេបាននិយាយថា អ្នកជំនាញបានណែនាំប្រជាពលរដ្ឋឱ្យរក្សាការប្រុងប្រយ័ត្ន និងចាត់វិធានការបង្ការដូចជា ជៀសវាងការទៅផ្សារដែលមានសត្វបក្សីរស់ ដោយសារការឆ្លងមេរោគ H5N6 និង H9N2 ទំនងជាកើតឡើងក្នុងរដូវរងា និងរដូវផ្ការីក។
ជាក់ស្តែង យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា បុរសអាយុ ៦៨ ឆ្នាំ ដែលឆ្លងមេរោគនេះកំពុងត្រូវបានព្យាបាលនៅមន្ទីរពេទ្យ។
ចំនួនមនុស្សនៅក្នុងប្រទេសចិនដែលឆ្លងជំងឺផ្តាសាយបក្សី H5N6 នៅឆ្នាំនេះបានកើនឡើង ដែលធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកជំនាញមួយចំនួន ដែលនិយាយថា មេរោគឆ្លងពីមុនហាក់ដូចជាបានផ្លាស់ប្តូរ ហើយអាចឆ្លងដល់មនុស្សកាន់តែច្រើន។
គួររំលឹកថា យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្នុងតំបន់ និងរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានឱ្យដឹងថា ការឆ្លងមេរោគ H5N6 ជាច្រើននៅក្នុងប្រទេសចិន បានស្លាប់បាត់បង់ជីវិតនៅឆ្នាំនេះ។ NR