សហរដ្ឋអាមេរិកដាក់វិធានការផាកពិន័យទ្វេដង សម្រាប់អ្នកដំណើរដែលល្មើសមិនព្រមពាក់ម៉ាស់
WASHINGTON៖ រដ្ឋបាលសន្តិសុខដឹកជញ្ជូន (ហៅកាត់ TSA) កំពុងដាក់ផាកពិន័យទ្វេដងជាលើកដំបូងសម្រាប់ជនដែលមិនពាក់ម៉ាស់ មានប្រសិទ្ធភាពចាប់ពីថ្ងៃសុក្រនេះ ហើយបាននិយាយថា ជនដដែលដែលនៅតែប្រព្រឹត្ត អាចប្រឈមនឹងការផាកពិន័យខ្ពស់រហូតដល់ទឹកប្រាក់ ៣.០០០ ដុល្លារសហរដ្ឋអាមេរិក។
ជាក់ស្តែង សេតវិមានបាននិយាយថា ប្រធានាធិបតី លោក ចូ បៃដិន បានដឹកនាំលើការផាកពិន័យអោយខ្ពស់ជាងមុននេះដើម្បី “ធានាថា តម្រូវការពាក់ម៉ាស់នៅតែមាននៅលើមធ្យោបាយដឹកជញ្ជូន នៅពេលយើងបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩” ។
ស្របពេលជាមួយគ្នានេះ TSA បានអោយដឹងថា ការផាកពិន័យថ្មីនឹងចាប់ពី “៥០០ ដុល្លារ ទៅ ១.០០០ ដុល្លារ សម្រាប់ជនដែលល្មើសលើកទី ១ និង ពី ១.០០០ ដុល្លារ ទៅ ៣.០០០ ដុល្លារ សម្រាប់ជនដែលល្មើសលើកទី ២” ។
លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “TSA នឹងពិន័យទ្វេដងលើអ្នកដំណើរដែលមិនព្រមពាក់ម៉ាស់។ ប្រសិនបើអ្នកបំពានច្បាប់ អ្នកត្រូវត្រៀមខ្លួនបង់ប្រាក់អោយហើយទៅ។ ហើយដោយតាមវិធីនេះ សូមបង្ហាញនូវការគោរពខ្លះទៅ”។
គួររំលឹកថា លោក ចូ បៃដិន បានរិះគន់ចំពោះកំហឹងដែលបង្ហាញដោយអ្នកដំណើរខ្លះទៅលើអ្នកបម្រើលើយន្តហោះនិងអ្នកផ្សេងទៀតចំពោះការបង្ខំឲ្យពាក់ម៉ាស់នេះ។ NR