វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានមួយរូប បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍នេះនឹងបញ្ជូនវ៉ាក់សាំង ចនសុននិងចនសុន (Johnson & Johnson - JNJ.N) ចំនួន ៣ លានដូស ទៅកាន់ប្រទេសប្រេស៊ីល ដែលជាប្រទេសមានចំនួនអ្នកស្លាប់ដោយសារវីរុសកូរូណាខ្ពស់បំផុតចំណាត់ថ្នាក់លេខ ២ នៅលើពិភពលោក។


ការដឹកជញ្ជូននេះ ជាផ្នែកមួយនៃការសន្យារបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការបរិច្ចាគវ៉ាក់សាំងចំនួន ៨០ លានដូស ដែលនឹងចាកចេញពីទីក្រុង Fort Lauderdale រដ្ឋ ផ្លរីដា នៅលើជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Azul នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយធ្វើដំណើរទៅកាន់ Campinas ដែលជាទីក្រុងមួយ នៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីល ចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ (៦២ ម៉ាយល៍) ពីទីក្រុង Sao Paulo ។

ការបរិច្ចាគនេះកើតឡើងនៅពេលដែលប្រទេសប្រេស៊ីល នៅតែបន្តប្រយុទ្ធប្រឆាំងនឹងវីរុសដែលបានឆក់យកជីវិតមនុស្សជាងកន្លះលាននាក់ ដែលធ្វើឲ្យនយោបាយបែកបាក់កាន់តែជ្រៅនៅមុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅឆ្នាំក្រោយ និងបង្កភាពវឹកវរនៅទូទាំងប្រទេស។


សេតវិមានបានបន្ថែមថា ក្រុមវិទ្យាសាស្ត្រនិងអាជ្ញាធរច្បាប់និងបទប្បញ្ញត្តិ មកពីប្រទេសទាំងពីរ បានធ្វើការជាមួយគ្នាដើម្បីធានាបាននូវការដឹកជញ្ជូនភ្លាមៗ។

វ៉ាក់សាំង ចនសុននិងចនសុន មួយដូស ត្រូវបានគេមើលឃើញថាមានប្រយោជន៍គ្រប់គ្រាន់ ជាពិសេសក្នុងការធានាប្រសិទ្ធិភាព នៅតំបន់ដាច់ស្រយាលព្រោះ វាមិនត្រូវការដូសទី ២ នោះទេ។


ជាងនេះទៀតសោដ មន្ត្រីរូបនោះក៏បានបញ្ជក់ផងដែរថា វ៉ាក់សាំងទាំងនេះត្រូវបានត្រួតពិនិត្យដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (ហៅកាត់ FDA) ហើយនឹងមកពីការផ្គត់ផ្គង់ដែលសហរដ្ឋអាមេរិកអាចរកបានភ្លាមៗ។

គួររំលឹកថា ប្រទេសប្រេស៊ីល បានផ្តល់ការយល់ព្រមជាផ្លូវការទៅនឹងវ៉ាក់សាំង J&J ដោយផ្តល់នូវផ្លូវលឿនបំផុត ដើម្បីទទួលបាននូវចំនួនដ៏ច្រើនដល់ប្រទេសនេះភ្លាមៗ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ