អង្គការសហប្រជាជាតិនិយាយថា មនុស្សរាប់លាននាក់ប្រឈមមុខនឹងភាពអត់ឃ្លាន ខណៈវិបត្តិមីយ៉ាន់ម៉ាកាន់តែអាក្រក់ទៅៗ
បរទេស៖ អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការខ្វះខាតស្បៀងកំពុងតែកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានរដ្ឋប្រហារយោធា និងវិបត្តិសេដ្ឋកិច្ចកាន់តែលង់ជ្រៅទៅៗ ជាមួយមនុស្សរាប់លាននាក់ទៀតដែលគេរំពឹងថានឹងអត់ឃ្លានក្នុងប៉ុន្មានខែខាងមុខនេះ។
យោងតាមការវិភាគរបស់កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានបង្ហាញថា ប្រជាជនរហូតដល់ទៅ ៣.៤ លាននាក់ នឹងប្រឈមមុខក្នុងការទទួលបានអាហារក្នុងរយៈពេល ៣ ទៅ ៦ ខែទៀត នៅតំបន់ទីក្រុងដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែការបាត់បង់ការងារកើនឡើងនៅក្នុងឧស្សាហកម្មផលិតកម្ម សំណង់ និងសេវាកម្ម ថែមទាំងតម្លៃស្បៀងកើនឡើង។
WFP បាននិយាយទៀតថា តម្លៃទីផ្សារនៃអង្ករ និងប្រេងឆាបានឡើង ៥% និង ១៨% ចាប់តាំងពីដំណាច់ខែកុម្ភៈ ដោយមានសញ្ញាបង្ហាញថា ក្រុមគ្រួសារនៅរដ្ឋធានីពាណិជ្ជកម្មយ៉ាំងហ្គោន កំពុងតែមិនមានអាហារបរិភោគ និងជំពាក់បំណុលគេ។ ទីភ្នាក់ងារគ្រោងនឹងពង្រីកប្រតិបត្តិការ ដោយកើនឡើងដល់ ៣.៣ លាន លើចំនួនមនុស្សដែលខ្លួនបានជួយ ហើយកំពុងតែចំណាយប្រាក់អស់ចំនួន ១០៦ លានដុល្លារ។
គួររំលឹកថា រដ្ឋប្រហារយោធា និងវិបត្តិសេដ្ឋកិច្ច បានធ្វើឱ្យប្រព័ន្ធធនាគារនៅជាប់គាំងដោយបិទសាខាជាច្រើន ដែលធ្វើឱ្យអាជីវកម្មមិនអាចទូទាត់ប្រាក់កាស់ ហើយអតិថិជនមិនអាចដកប្រាក់បាន។ ម្យ៉ាងវិញទៀត មនុស្សជាច្រើនពឹងផ្អែកលើការផ្ទេរប្រាក់ពីសាច់ញាតិនៅបរទេស ការនាំចូលនិងនាំចេញភាគច្រើនត្រូវបានបញ្ឈប់ ហើយរោងចក្រក៏ត្រូវបានបិទទ្វារទៀត។NR