សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស
(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា ឆ្នាំ២០២២ បានផ្ញើសារតាមរយៈបណ្ដាញសង្គមជូនជនរួមជាតិរស់នៅក្នុងប្រទេសអំពីដំណើររបស់សម្ដេចតេជោ ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ក្រោមមូលបទ «ការត្រៀមខ្លួនសម្រាប់យុគសម័យក្រោយជំងឺកូវីដ» តាមការអញ្ជើញរបស់លោកសាស្រ្តាចារ្យ ក្លោស ឆ្វាប់ ស្ថាបនិក និងជាប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។
សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា៖ «ម៉ោង១និង៣០រំលងអាធ្រាតឆ្លងចូលថ្ងៃទី២១ឧសភា២០២២ខានស្អែកនេះខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវ៉ូសប្រទេសស្វីស។ ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុបដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។ តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរយើងនៅសូរិកប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ឧសភា២០២២»។
នាយករដ្ឋមន្ត្រីកម្ពុជាបានផ្ដាំការជម្រាបលាជនរួមជាតិនៅក្នុងប្រទេសមួយរយៈពេលខ្លីហើយសន្យាជួបជាមួយជនរួមជាតិនៅតំបន់អឺរ៉ុបក្នុងពេលប្រមាណ៦០ម៉ោងទៀត។ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន រំពឹងថានឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃប្រទេសមួយចំនួន ក៏ដូចជាទទួលការចូលជួបសម្តែងការគួរសមពីសំណាក់ឥស្សរជននយោបាយ និងធុរជនពិភពលោក ព្រមទាំងជួបសំណេះសំណាលជាមួយបងប្អូនជនរួមជាតិខ្មែរដែលរស់នៅប្រទេសស្វីស និងបណ្តាប្រទេសអឺរ៉ុបផងដែរ។
ក្នុងឱកាសស្នាក់នៅប្រទេសស្វីស សម្តេចតេជោនឹងអញ្ជើញថ្លែងសុន្ទរកថាបើក «រាត្រីកម្ពុជា» (CAMBODIA NIGHT) ដែលជាព្រឹត្តការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយអំពីធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ