សម្ដេចក្រឡាហោម ស ខេង ៖ មិនអាចឯងគាំទ្រអញ ទោះឯងធ្វើអីខុស ក៏មិនយកទោសពៃដែរ គឺមិនបានទេ! គឺត្រូវគោរពច្បាប់
ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានថ្លែងថា មិនអាចឯងគាំទ្រអញ ទោះឯងធ្វើអីខុស ក៏មិនយកទោសពៃដែរ មិនបានទេ! ព្រោះការដឹកនាំ និងគ្រប់គ្រងត្រូវមានគោលការមួយ ត្រូវគោរពច្បាប់។
ក្នុងពិធីសម្ពោធអគារទីស្នាក់ការ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ក្រុងព្រៃវែង ខេត្តព្រៃវែង នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សម្ដេច ស ខេង បានឲ្យដឹងថាគណបក្សប្រជាជនកម្ពុជា បានដឹកនាំគ្រប់គ្រងប្រទេសជាតិរយៈពេលជាង ៤០ឆ្នាំមកហើយ បើគិតត្រឹមតែពីឆ្នាំ១៩៧៩ ដោយសារមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប និងក៏ដោយសារគណបក្សបានប្រកាន់ឧត្តមគតិរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ពោលគឺមិនមែនមានតែគោលការណ៍ ឬគោលនយោបាយនោះទេ តែគណបក្សបាននិងកំពុងប្រកាន់ខ្ជាប់ឧត្តមគិតិស្នេហាជាតិ ស្នេហាប្រជាជន និងគោរពរដ្ឋធម្មនុញ្ញ។
សម្ដេច មានប្រសាសន៍ ថា «គណបក្សប្រជាជនកម្ពុជាបានប្រកាន់គោលជំហរបំរើផលប្រយោជន៍រួម មិនប្រកាន់បក្សពួកដែល ប្រាសចាកពីច្បាប់រដ្ឋនិងគោលការណ៍គណបក្សឡើយ»។ សម្ដេច បន្ថែម ថា « មិនអាចឯងគាំទ្រអញ ទោះឯងធ្វើអីខុសក៏មិនយកទោសពៃដែរ មិនបានទេ! ព្រោះការដឹកនាំ និងគ្រប់គ្រងត្រូវមានគោលការមួយដែលត្រូវគោរព គឺច្បាប់ ឬបើនិយាយពីគណបក្សគឺបន្ទាត់នយោបាយគណបក្ស និងលក្ខន្តិកៈគណបក្ស»។
សម្ដេច ក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ ដោយភ្ជាប់ទៅនឹងទិសដៅនៃការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ សម្ដេច ក៏បានមានប្រសាសន៍អំពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីផ្ដល់សិទ្ធិអំណាច និងការទទួលខុសត្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិអាចបំរើសេវាសាធារណៈ បំរើផលប្រយោជន៍ និងសេចក្ដីត្រូវការប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ។
ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាត្រូវសម្រេចឱ្យបាននូវជោគជ័យលើការងារសំខាន់ៗ២ រួមមានការទទួលបានជ័យជ័យជម្នះក្នុងការបោះឆ្នោតឃុំ សង្កាត់ និងការរួមចំណែកធ្វើឱ្យការបោះឆ្នោតនេះ បានប្រព្រឹត្តិទៅប្រកបដោយភាពរលូន គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌ ដ្បិតគណបក្សប្រជាជនកម្ពុជាជាគណបក្សដឹកនាំរាជរដ្ឋាភិបាល។
សម្ដេច ក៏បានឆ្លៀតជំរុញបន្ថែមទៀតឱ្យថ្នាក់ដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន រៀបចំវេទិកាសាធារណៈឱ្យបានទៀងទាត់ជាមួយប្រជាពលរដ្ឋ ដើម្បីប្រើយន្តការនេះដោះស្រាយបញ្ហា កង្វល់ និងសំណូមពរប្រជាពលរដ្ឋ ហើយត្រូវបំផុសឱ្យប្រជាពលរដ្ឋហ៊ានបញ្ចេញមតិយោបល់ ឱ្យពួកគាត់មានសេចក្ដីក្លាហានក្នុងការលើកឡើងនូវបញ្ហាផ្សេងៗ ដើម្បីរួមគ្នាដោះស្រាយបញ្ហាទាំងនោះ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅតាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ