ការចាក់ផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកនឹងចាប់ផ្ដើមនាថ្ងៃចន្ទស្អែកនេះ
ការចាក់ផ្សាយកម្មវិធីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកគ្រោងនឹងដំណើរការតា មការណែ នាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយភាពជោគជ័យនេះកើតចេញពីកម្លាំងរួមគ្នាបំពេញភារកិច្ចរវាងក្រុមជំនាញក្រសួងព័ត៌មាន តេជោឌីធីវី ជាមួយក្រុមជំនាញក្រសួងអប់រំ យុវជន និងកីឡា លើកិច្ចសហប្រតិបត្តិការកម្មវិធីខាងលើ។
មុនដំណើរការកម្មវិធីចាក់ផ្សាយនាថ្ងៃស្អែកនេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួងបានរៀបចំកិច្ចប្រជុំពិភាក្សាការងារក្រោមការដឹកនាំដោយឯកឧត្ដម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពិនិត្យ និងសម្រេចលើចំណុចផ្សេងៗ ព្រមទាំងធ្វើទស្សនកិច្ចនៅក្នុងបន្ទប់ស្ទូឌីយោនៃទូរទស្សន៍តេជោឌីធីវី ដើម្បីធានាបានថាការចាក់ផ្សាយនាថ្ងៃស្អែកនេះដំណើរទៅដោយភាពរលូន បម្រើដល់តម្រូវការរបស់សិស្សា នុសិស្ស។
សិស្សានុសិស្សអាចទស្សនាវីដេអូបង្រៀនតាមរយៈ៖
១. ទូរទស្សន៍ជាតិកម្ពុជាទី២ ឬ TVK2 ដែលជាប៉ុស្តិ៍ទូរទស្សន៍ទើបបង្កើតថ្មី សម្រាប់ការអប់រំ
២. ការបញ្ជូនបន្តដោយថាសផ្កាយរណបតេជោ TV ឬ Dtv ប៉ុស្តិ៍លេខ២២ ទៅកាន់តំបន់ជនបទ
៣. ប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបថ្មី ដែលទើបបង្កើតនៅគ្រប់ខេត្ត-រាជធានី និងតំបន់ទីប្រជុំជន
៤. គេហទំព័រមជ្ឈមណ្ឌលសិក្សាតាមអេឡិចត្រូនិករបស់ក្រសួងអប់រំ ដែលមានតំណភ្ជាប់៖ https://elearning.moeys.gov.kh/
៥. ការប្រើ Smartphone ដើម្បីប្រើប្រាស់ App របស់ក្រសួងព័ត៌មាន
កម្មវិធីសិក្សានេះនឹងចាប់ផ្ដើមពីម៉ោង៨ព្រឹកតទៅ និងមានការចាក់ផ្សាយឡើងវិញ២៤ម៉ោង ជារៀងរាល់ថ្ងៃ សម្រាប់សិស្សពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ និងកម្មវិធីអប់រំកុមារតូច ដោយអនុញ្ញាតឱ្យសិស្សានុសិស្សទស្សនាដោយឥតគិតថ្លៃ។ សូមជម្រាបថា កម្មវិធីសិក្សានេះត្រូវបានដំណើរការ ខណៈដែលការសិក្សានៅកម្ពុជាត្រូវបានផ្អាកជាបណ្ដោះអាសន្នដោយសារជំងឺកូវីដ-១៩។ តែទោះបីសាលារៀនបើកដំណើរការឡើងវិញក្ដី ក៏ប៉ុស្តិ៍ទូរទស្សន៍មួយនេះ ក៏នៅតែបន្តចាក់ផ្សាយកម្មវិធីអប់រំជាច្រើនទៀតដដែល៕SP