លោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលសម្រាប់ការអប់រំ ឌីជីថល និងការអប់រំពីចម្ងាយ បានលើកឡើងថា ការបង្កើតឱ្យមានការអប់រំឌីជីថល និងការអប់រំពីចម្ងាយនេះ ដើម្បីដោះស្រាយបញ្ហាក្នុងការសិក្សាស្របពេលនៃការផ្ទុះឡើងជំងឺកូវីដ១៩ និងដើម្បីបង្កើនសមត្ថភាពសម្រាប់ការអប់រំនៅពេលអនាគត។។

លោករដ្ឋមន្ត្រីលើកឡើងបែបនេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសបើកការដ្ឋានជួសជុលនិងកែលម្អ«មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ»ដែលមានទីតាំងនៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។

លោកបន្តថា "ការអប់រំពីចម្ងាយ" ជាវិធីសាស្ត្រមួយ ដែលសិស្សអាចទទួលបានការអប់រំ សម្រាប់ការអភិវឌ្ឍសម្បទាទាំង៤ ពុទ្ធិសម្បទា បំណិនសម្បទា កាយសម្បទា និងចរិយាសម្បទា ដោយពុំចាំបាច់មានវត្តមាននៅសាលារៀន ឬជួបជាមួយគ្រូដោយផ្ទាល់។ការអប់រំឌីជីថល និងការអប់រំពីចម្ងាយនេះគឺតម្រូវឱ្យមានការផលិតជាវីដេអូអប់រំផ្សេងៗផ្សព្វផ្សាយវីដេអូនេះ ទៅដល់សិស្សានុសិស្សមរយៈ ប៉ុស្តិ៍ទូរទស្សន៍ គេហទំព័រ ទំព័រហ្វេសប៊ុកជាដើម ដើម្បីជួយសម្រួលក្នុងការសិក្សា និងការបង្រៀននៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រីហង់ជួន ណារ៉ុន ក៏បានបន្ថែមទៀតថា បើទោះបីជាបញ្ចប់កូវីដ១៩ក៏ដោយ ការអប់រំពីចម្ងាយ និងការអប់រំតាមបែបអេឡិចត្រូនិកនៅកម្ពុជា នៅតែបន្តសម្រាប់ថ្នាក់មធ្យមសិក្សា និងឧត្តមសិក្សា ក្នុងន័យដើម្បីលើកទឹកចិត្តដល់ការរៀនតាមបែបឌីជីថល ដែលការអប់រំបែបនេះ អាចឱ្យសិស្សធ្វើស្វ័យសិក្សាជាមុន ដោយអាននូវឯកសារពាក់ព័ន្ធតាម យូធូប ឬឯកសារឌីជីថល ហើយនៅពេលដែលគាត់មកសាលា គាត់អាចធ្វើបទបង្ហាញ ឬពិភាក្សាទាក់ទងទៅនឹងប្រធានបទនោះទេម្តង៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ