សម្ដេច ស ខេង ៖ កម្ពុជាកំពុងប្រឈមនឹង កូវីដ-១៩ ធ្វើឲ្យផែនការសកម្មភាពមួយចំនួន មិនអាចសម្រេចបាន
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ថា នៅឆ្នាំ២០២០នេះ កម្ពុជាកំពុងប្រឈមទៅនឹងបញ្ហា កូវិដ-១៩ ធ្វើឲ្យ ផែនការសកម្មភាព មួយចំនួនមិនអាចសម្រេចទៅបាន តាមការគ្រោងទុក។
ក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នាព្រឹ កថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា «នៅឆ្នាំ ២០២០ នេះ ថ្វីដ្បិតថា យើងគ្រប់គ្នាបានដឹងរួចមកហើយ នូវការប្រឈមមុខ នឹងវិបត្តិជំងឺ កូវីដ-១៩ ដែលអាចធ្វើឲ្យផែនការសកម្មភាពមួយចំនួន មិនអាចសម្រេចទៅបានតាមការ គ្រោងទុក។ប៉ុន្តែការដាក់ចេញនូវផែនការជាក់លាក់ គឺជាកិច្ចការដ៏មានសារៈសំខាន់ និងក៏ជា មូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំផែនការសកម្មភាព ឆ្នាំ២០២១ និងឆ្នាំបន្តបន្ទាប់ទៀត»។
ជាងនេះទៅទៀត សម្ដេច ស ខេង បញ្ជាក់ថា ផែនការសកម្មភាព ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម មានសារៈសំខាន់ណាស់ ដើម្បីឲ្យមានភាពជាក់លាក់ ហើយងាយស្រួលដល់ការសម្របសម្រួលថវិកា ដើម្បីបម្រើការងារ ក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការចាត់ចែងការងារ នៅក្នុងតួនាទី នៅអគ្គនាយដ្ឋាននីមួយៗ»។
សម្ដេច បន្ដថា រហូតដល់ពេលនេះ បានឆ្លងអនុម័ត ផែនការសកម្មភាពនេះ ទៅដល់អគ្គនាយដ្ឋានមួយចំនួនហើយដែរ ដូចជា អគ្គស្នងការដ្ឋាននគរបាលជាតិ បណ្ឌិត្យសភានគរបាលជាតិ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជាដើម។ សម្ដេចក្រឡាហោម ស្នើឲ្យអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មត្រូវពន្លឿនការងារនេះបន្ថែមទៀត។
នាឱកាសនោះ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង អំពីការរៀបចំផែនការសកម្មភាព ហើយការងារនេះជាលើកទី១ ដែលអគ្គនាយកដ្ឋាន បានរៀបចំផែនការសកម្មប្រចាំឆ្នាំបែបនេះ ហើយផែនការសកម្មភាព គឺមានសារៈសំខាន់ណាស់ និងជាផែនទីបង្ហាញផ្លូវដើម្បីងាយស្រួលក្នុងអនុវត្តការងារនៅក្នុងឆ្នាំ២០២០។
លោកបញ្ជាក់ថា ផែនការសម្មភាពនេះ ត្រូវបានរៀបចំឡើងយោងតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ក្នុងពិធីបិទសន្និបាត កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០។ ឯកឧត្តម បន្តថា យោងតាមផែនការយុទ្ធសាស្ដ្រជាតិស្ដីពីអត្តសញ្ញាណកម្ម ឆ្នាំ២០១៧ ដល់២០២៦ និងយោងតាមផែនការយុទ្ធសាស្ដ្រ៥ឆ្នាំ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ជាងនេះទៅទៀត លោក លើកឡើងថា ការគ្រប់គ្រងអត្តសញ្ញាណបុគ្គល មានសារៈសំខាន់ជាគន្លឹះ និងជាមូលដ្ឋានគ្រឹះនៃកិច្ចការអាទិភាពជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាការគ្រប់គ្រងរដ្ឋបាលដែនដី, ការថែរក្សាសន្ដិសុខសណ្ដាប់សាធារណៈ, ការធានានូវសិទ្ធិផលប្រយោជន៍ស្រប់ច្បាប់មូលដ្ឋានរបស់បុគ្គល, ការលើកកម្ពស់ផ្ដល់សេវាសាធារណៈ និងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាដើម។
លោក បន្តទៀតថា ដើម្បីពង្រឹងក្នុងការគ្រប់គ្រង អត្តសញ្ញាណបុគ្គល រាជរដ្ឋាភិបាលកម្ពុជា បានបង្កើត អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម កាលខែមេសា ឆ្នាំ២០១៤ ក្នុងគោលដៅពង្រឹង ប្រសិទ្ធភាពលើការគ្រប់គ្រង និងផ្ដល់សេវាសាធារណៈអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ៕ E B