ស្ត្រីជនជាតិតួកគីម្នាក់មានកម្ពស់រហូតដល់ ២១៥,១៦ សង់ទីម៉ែត្រ ក្លាយជាស្ត្រីខ្ពស់ជាងគេនៅលើពិភពលោក
បរទេស៖ ស្ត្រីម្នាក់ ដែលជាជនជាតិតួកគី ត្រូវបានគេប្រកាសថា ជាស្ត្រីខ្ពស់ជាងគេបំផុតនៅលើពិភពលោក ។ ស្រ្តីរូបនេះមានឈ្មោះថា រូមេសា ហ្គែលជី វ័យ ២៤ ឆ្នាំ មានកម្ពស់ ២១៥,១៦ សង់ទីម៉ែត្រ(២,១៥ម៉ែត្រ) ដែលត្រូវបានប្រកាសជាផ្លូវការដោយកំណត់ត្រាពិភពលោកហ្គីនណេស ជាស្ត្រីខ្ពស់ជាងគេលើពិភពលោក ។
ការលូតកម្ពស់ខ្ពស់បែបនេះ ដោយសារនាងមានជំងឺមួយឈ្មោះថា Weaver Syndrome។ ស្ត្រីខាងលើបាននិយាយថា “រាល់គុណវិបត្តិអាចប្រែក្លាយទៅជាគុណសម្បត្តិសម្រាប់ខ្លួនអ្នក ដូច្នេះត្រូវទទួលយកខ្លួនឯងជាខ្លួនឯង ត្រូវដឹងពីសក្តានុពលរបស់អ្នក និងប្រឹងឱ្យអស់ពីសមត្ថភាពរបស់អ្នក”។
នេះជាលើកទីពីរហើយដែលនាងហ្គែលជីទទួលបានឯតទគ្គកម្មពិភពលោកបន្ទាប់ពីធ្លាប់ត្រូវបានប្រកាសថាជាក្មេងជំទង់ខ្ពស់ជាងគេក្នុងឆ្នាំ ២០១៤ ហើយចាប់តាំងពីពេលនោះមកនាងបានប្រើវេទិការបស់នាងដើម្បីតស៊ូមតិសម្រាប់អ្នកផ្សេងទៀតដែលមានជំងឺកម្រ។
ជាធម្មតា នាងប្រើរទេះរុញទោះបីនាងអាចដើរដោយមានឈើច្រត់ក៏ដោយ ។
យ៉ាងណាមិញ លោក ក្រេក ក្លេនដេ ជានិពន្ធនាយកនៃសៀវភៅកំណត់ត្រាពិភពលោកហ្គីនណេសបាននិយាយថា “វាជាកិត្តិយសណាស់ដែលបានស្វាគមន៍ រូមេសា ហ្គែលជី ចូលមកក្នុងសៀវភៅកំណត់ត្រាវិញ”។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៨កន្លងទៅ ក៏មានបុរសជនជាតិតួកគី លោកស៊ុលតង់ កូសែន ដែលមានកម្ពស់ខ្ពស់ជាងគេបំផុតនៅលើពិភពលោកផងដែរ ក្នុងកម្ពស់ ២៥១ សង់ទីម៉ែត្រ ៕