បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន បានអំពាវនាវដល់មន្រ្តីរបស់គាត់ឱ្យដោះស្រាយបញ្ហាផ្គត់ផ្គង់ស្បៀងអាហារនិងបង្ហាញពីគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ។ ដោយលោកបានលើកឡើងនៅក្នុងសុន្ទរកថាមួយទៅកាន់ការិយាល័យនយោបាយរបស់គណបក្សកាន់អំណាចកាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមការចុះផ្សាយដោយ BBC ។
លោកបាននិយាយថាវិធានការដើម្បីយកឈ្នះលើ“ អាកាសធាតុមិនប្រក្រតី” គឺចាំបាច់ណាស់ ហើយបានស្នើឱ្យមន្រ្តីពាក់ព័ន្ធដោះស្រាយគ្រោះរាំងស្ងួតនិងទឹកជំនន់ផងដែរ។
លោកបន្តថា“ គ្រោះថ្នាក់” នៃការប្រែប្រួលអាកាសធាតុបានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ។ លោកក៏បានអំពាវនាវឱ្យមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងទឹកជំនន់របស់ប្រទេស ការកែលម្អទន្លេ ការដាំដំណាំជាដើម។
គួរបញ្ជាក់ថា ក្រៅពីការខូចខាតដែលបណ្តាលមកពីគ្រោះធម្មជាតិ សេដ្ឋកិច្ចកូរ៉េខាងជើងបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយបានទទួលទណ្ឌកម្មអន្តរជាតិ ដូចជាការបិទព្រំដែននិងការបិទប្រទេសយ៉ាងតឹងរ៉ឹងដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩។ ការបិទព្រំដែននេះដែរ បានប៉ះពាល់ដល់ការនាំចូលសំខាន់ៗពីប្រទេសចិន៕