បាតុភូតកម្រនឹងកើតមានឡើងចំពោះព្រះចន្ទ ក្នុងថ្ងៃទី ២៦ ខែឧសភានេះ
បរទេស៖ នៅថ្ងៃទី 26 ឧសភាឆ្នាំ 2021 នេះ នឹងមានបាតុភូតកម្រមួយកើតឡើងចំពោះព្រះចន្ទរបស់ផែនដីយើង ដែលបាតុភូតទាំងនោះមានបី រួមគ្នាក្នុងថ្ងៃតែមួយឬអាចហៅថា 3 in 1 ដោយរួមមាន ដូចជា បាតុភូតព្រះចន្ទពេញបូណ៌មី (Super Moon) បាតុភូតព្រះចន្ទក្រហម ( Red Blood Moon) និងបាតុភូតចន្ទគ្រាសពេញ ( Lunar Eclipse)។ នេះបើយោងតាមសារព័ត៌មាន Scitechdaily។
ព្រឹត្តិការណ៍ទាំងនេះគេអាចមើលឃើញនៅពាសពេញតំបន់ប៉ាស៊ីហ្វិក អាស៊ីខាងកើត ពាក់កណ្ដាលភាគខាងលិចអាម៉េរិកខាងជើង និងផ្នែកខាងក្រោមនៃអាម៉េរិកខាងត្បូង។
ចន្ទគ្រាសពេញនឹងមានរយៈពេលតិចជាង 15 នាទី ដោយផែនដីរត់នៅក្នុងបន្ទាត់ត្រង់តែមួយចន្លោះព្រះអាទិត្យនិងព្រះចន្ទ ប៉ុន្តែបាតុភូតចន្ទគ្រាសនេះនឹងអូសបន្លាយរយៈពេល 5 ម៉ោង។ បើតាមអ្នកវិទ្យាសាស្រ្តរបស់អង្គការណាសាបាននិយាយថា ទីតាំងដែលល្អបំផុតសម្រាប់ការមើលបាតុភូតនេះគឺរដ្ឋហាវ៉ៃ បន្ទាប់មកកាលីហ្វ័រញ៉ានិងប៉ាស៊ីហ្វិកផ្នែកពាយ័ព្យ។ ហើយប្រទេសនូវែលសេឡង់ អូស្ត្រាលីក៏ជាផ្នែកមួយនៃទីតាំងសំខាន់នៃការមើលព្រឹត្តិការណ៍នេះផងដែរ។ គេអាចមើលព្រឹត្តិការណ៍នេះដោយភ្នែកទទេបាន និងមិនមានគ្រោះថ្នាក់អ្វីនោះទេ។
នៅថ្ងៃស្អែកក្នុងព្រឹត្តិការណ៍ទាំងបីនេះគឺព្រះចន្ទនឹងមានទំហំធំជាងធម្មតា ហើយភ្លឺខ្លាំងជាងមុន ដោយវាស្ថិតនៅចម្ងាយប្រហែល 357 460Km ពីផែនប៉ុណ្ណោះគឺធំជាងមុន 7%។ សម្រាប់កម្ពុជាយើងវិញ ប្រហែលជាមានភាគរយតិចក្នុងការមើលឃើញព្រឹត្តិការណ៍នេះ ព្រោះព្យុះភ្លៀងមានឥទ្ធិពលពីបង្គួរទៅខ្លាំងចាប់ពីថ្ងៃទីទី 26-28 ឧសភា និងបន្តរហូតដល់ថ្ងៃទី 01 មិថុនា 2021៕