បាត់ដំបង ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានកត់សម្គាល់ឃើញ ម្ចាស់គណនីហ្វេសប៊ុកមួយបង្ហោះរូបភាពជា ឃ្លីបវីដេអូ និងភ្ជាប់ដោយការលើកឡើង ចំពោះវិធានការ ផាកពិន័យដោយមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដល់រូបគាត់ ក្នុងពេលបញ្ជាយាន ហើយមានអ្នករួមដំណើរជាមួយ ដែលមិនបានគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវ។ 

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០ ២០ បានឲ្យដឹងថា ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចាត់តាំងឲ្យធ្វើការពិនិត្យ និងស្រាវជ្រាវ ជាបន្ទាន់លើករណីនេះហើយ។ 

ជាមួយនេះដែរ សូមធ្វើការជម្រាប និងបញ្ជាក់ជូនសាធារណជន ពិសេស អ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទបានជ្រាបថា ករណីដែល លោក-លោកស្រី មិនសុខចិត្ត ឬមិនបានយល់ព្រមចំពោះការអនុវត្តវិធានការផាកពិន័យដោយ មន្រ្តីនគរបាលចរាចរណ៍ លើចំណុចណាមួយនោះ លោក- លោកស្រី មានសិទ្ធិប្តឹងតវ៉ារកភាពត្រឹមត្រូវចូលមកថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

ដើម្បីពិនិត្យ និងធ្វើការសម្រេចដោះស្រាយជូនចំពោះសំណូមពរ ឬសេចក្តីតវ៉ានោះ ស្របតាមខ្លឹមសារមាត្រាទី១៥ថ្មី ស្តីពី ការកែសម្រួលអនុក្រិត្យ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក៕។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ មានហ្វេសប៊ុកមួយ បានសរសេរថា ប៉ូលីសនៅខេត្តបាត់ដំបង ផាកពិន័យអត់ពាក់ខ្សែក្រវ៉ាត់ ផាកទាំងមិនយល់ ដោយសំអាងថា ជិះបីនាក់ខាងមុខ ហើយនាក់កណ្ដាលអត់ពាក់ខ្សែក្រវ៉ាត់ ។ បើតាមវិដេអូឃ្លីប នោះ បាននិយាយថា រថយន្ដរបស់គាត់នៅផ្នែកមុខ ជិះបាន៣នាក់ ហើយមានខ្សែក្រវ៉ាត់ត្រឹមត្រូវ មូលហេតុអ្វី? បានជាប៉ូលីស នៅខេត្តបាត់ដំបង នៅផាកពិន័យទៀត៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ