ភ្នំពេញ  ៖  គណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត  បានឲ្យដឹងថា  ចំណូលពីការលក់លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស ឬលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ទទួល បានចំនួន ៦៦.៤២៧,៧លានរៀល ស្មើនឹង១០៦,០% ធៀបនឹងចំណូលឆ្នាំ២០១៩ ការអនុវត្តចំណូលឆ្នាំ២០២០ មានការកើន  ឡើង៦,០%។

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រី  កុយ សុដានី រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈ កម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរ ក្រសួងដើម្បីកែសម្រួលបទអន្តរាគមន៍សម្រាប់ចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួង។ 


នាឱកាសនោះដែរ  លោកស្រីរដ្ឋលេខាធិការ  លើកទឹកចិត្តឱ្យសមាជិកសមាជិកទាំងអស់របស់គណៈកម្មការ អន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តចូលរួមយ៉ាងសកម្មក្នុងការផ្លាស់ប្ដូរយោបល់ ផ្ដល់ធាតុចូលសំខាន់ៗសំដៅធ្វើយ៉ាងណាឱ្យបទអន្តរាគមន៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយឆ្លើយតបតាមស្ថានភាពជាក់ស្តែង ដើម្បីដាក់ជូនគណៈកម្មការត្រៀមរៀបចំសន្និបាតឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះដែរ  លោកស្រីរដ្ឋលេខាធិការបានណែនាំឱ្យសមាជិកសមាជិកាគណៈកម្មការពិភាក្សា ឱ្យបានផុសផុលដើម្បីស្វែងរកយន្តការណាមួយសម្រាប់គ្រប់គ្រងនីតិវិធីនៃការដាក់ដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ឱ្យកាន់តែប្រសើរឡើងថែមទៀត សំដៅគ្រប់គ្រងចំណូលជាតិប្រកបដោយប្រសិទ្ធភាព។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួង  បានបញ្ជាក់ថា  «ចំណូលពីការលក់លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) ទទួលបានចំណូលសរុបចំនួន ៦៦.៤២៧,៧លានរៀល ស្មើនឹង១០៦,០% ធៀបនឹងចំណូលឆ្នាំ២០១៩ ការអនុវត្តចំណូលឆ្នាំ២០២០ មានការកើន ឡើង៦,០%»។ 


ឆ្លៀតក្នុងឱកាសនោះ លោកស្រី  កុយ សុដានី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសមាជិកសមាជិកាគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងក្រុមការងារនៃអនុគណៈកម្មការទាំងពីរ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ