ភ្នំពេញ៖ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជឿជាក់ថា ក្រោយពីបញ្ចប់វិបត្តិកូវីដ-១៩  កម្ពុជានឹងទទួលការវិនិយោគបន្ថែមទៀត  ពីសំណាក់ក្រុមអ្នកវិនិយោគចិន និងបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត។ 

 

ក្នុងពិធីប្រកួតកីឡាវាយកូនគោល មិត្តភាពជាមួយក្រុមកីឡាវាយកូនគោលស្ថានទូតចិន ដឹកនាំដោយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន  ប្រចាំ កម្ពុជា  នៅទីលានវាយកូនគោលវឌ្ឍនៈ (កោះក្របី)  កាលពីថ្ងៃទី១៣  ខែកុម្ភៈ  ឆ្នាំ ២០២១  សម្ដេច  ស  ខេង  មានប្រសាសន៍ថា  «សូមបង្ហាញជំនឿជឿជាក់ដែរថាក្រោយពីបញ្ចប់វិបត្តិកូនវីដ១៩ ប្រទេសកម្ពុជានឹងទទួលបានការវិនិយោគបន្ថែមទៀតពីសំណាក់ក្រុមអ្នកវិនិយោគមកពីសាធារណរដ្ឋប្រជាមានិតចិន និងមកពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀត»។


ឆ្លៀតឱកាសនោះ  សម្ដេចក្រឡាហោម  ស  ខេង  បានឲ្យដឹងថា  តាមរយៈព្រឹត្តិការណ៍កីឡាវាយកូនគោលមិត្តភាព សម្ដេច និងឯកអគ្គរដ្ឋទូតចិន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងស្ថានទូតចិន បានបង្កើនភាពជិតស្និតប្រកបដោយមិត្តភាពជាមួយគ្នា និងក៏បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយភាតរភាព។


ដោយឡែកព្រឹត្តិការណ៍នេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក ជាក្រុមអ្នកធុរកិច្ចកម្ពុជា និងចិន មួយចំនួនទៀតដែរ។ សម្ដេចថា  ការជួបគ្នាក៏ជាឱកាសដ៏ល្អសម្រាប់ការផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមករវាងក្រុមអ្នកវិនិយោគប្រទេសទាំងពីរផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ