បុរសម្នាក់ ត្រូវមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីឃាត់ខ្លួន បញ្ជូនទៅតុលាការសង្ស័យសម្លាប់សត្វទន្សោង
មណ្ឌលគិរី ៖ បុរសម្នាក់ ក្នុងចំណោមបីនាក់ ត្រូវបានមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៧ ខែកញ្ញា ម្សិលមិញ សង្ស័យសម្លាប់សត្វទន្សោង ដែលជាសត្វកម្រជិតផុតពូជ។
មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្ស ប្រចាំស្នាក់ការអូររវាក់ ដែនជម្រកសត្វព្រៃលំផាត់មណ្ឌលគិរី ចុះល្បាតត្រង់ចំណុចភ្នំស្វាយ ក្នុងតំបន់ស្នូលនៃដែនជម្រកសត្វព្រៃលំផាត់ ក្នុងភូមិសាស្ត្រឃុំរយ៉ ស្រុកកោះញែក បានប្រទះឃើញជនសង្ស័យចំនួនបីនាក់ ភេទប្រុស កំពុងជិះម៉ូតូពីរគ្រឿង ហើយនៅលើម៉ូតូរបស់ជនសង្ស័យមានដឹកការ៉ុងចំនួនបី។
ដោយមានការសង្ស័យ ក្រុមការងារបានឃាត់ តែនៅក្នុងខណៈនោះ ជនសង្ស័យពីរនាក់ បានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល នៅសល់តែជនសង្ស័យចំនួន០១នាក់ ឈ្មោះ ព្រុត កាដុល អាយុ២៩ឆ្នាំ ជនជាតិក្រោល សញ្ជាតិខ្មែរ មានទីកន្លែងកំណើត ភូមិរវាក់ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ដែលមានទីលំនៅបច្ចុប្បន្ន ភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងបានបញ្ជូនទៅតុលាការ។
មន្ត្រីជំនាញ បានដកហូតវត្ថុតាង រួមមាន ម៉ូតូ ពីរគ្រឿង រក្សាទុកនៅស្នាក់ការរបៀងអភិរក្សជីវចម្រុះកោះញែក សាច់សត្វទន្សោង (ក្រៀម) ចំនួន៧៦គីឡូក្រាម យកមករក្សាទុកនៅមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី៕EB