ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់កងកម្លាំងនគរបា លជាតិទាំងអស់ ក្រោមចំណុះក្រសួងមហាផ្ទៃ ត្រូវបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ និងចលនាប្រជាពលរដ្ឋ ឲ្យចូលរួមអនុវត្តវិធានការនានារាជជរដ្ឋាភិបាល ដើម្បីយកឈ្នះលើជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចសង្គមកម្ពុជា។

ក្នុងសារជូនពរកងកម្លាំងនគរបាលជាតិ ក្រោមចំណុះក្រសួងមហាផ្ទៃ នាឱកាសបុណ្យចូលឆ្នាំថ្មី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ សម្ដេច ស ខេង បានវាយតម្លៃខ្ពស់ ចំពោះការរួមចំណែកមិនអាចខ្វះបាន ពីសំណាក់កងកម្លាំងនគរបាលជាតិ ដែលដើរតួនាទីជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់កម្ពុជា ដើម្បីបន្ត បោះជំហានលើមាគ៌ានយោបាយជាតិរបស់ខ្លួន ក្នុងដំណើរការកសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ឲ្យមានការវិវឌ្ឍជាលំដាប់ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស។

សម្ដេច ស ខេង មានប្រសាសន៍ថា «ជាមួយនឹងការកោតសរសើរចំពោះស្នាដៃ និងសមិទ្ធផលខាងលើនេះ ខ្ញុំក៏សូមអំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្ថយកចិត្តទុកដាក់ បំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ និងចលនាប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានឲ្យចូលរួមអនុវត្តបានខ្ជាប់ខ្លួនតាមការណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីយកឈ្នះលើជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។

សម្ដេច បន្ដថា « ជាពិសេស ត្រូវបង្កើនស្មារតីម្ចាស់ការខ្ពស់ និងត្រៀមខ្លួនជានិច្ចក្នុងការអនុវត្តបទបញ្ជា ក៏ដូចជាគោលការណ៍ណែនាំដទៃទៀត របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរួមចំណែកលើកស្ទួយសេដ្ឋកិច្ច សុខុមាលភាពសង្គម និងប្រជាពលរដ្ឋ នៅក្រោយការផុតរលត់នៃជំងឺរាតត្បាតនេះ ព្រមទាំងរួមសហការគ្នាបង្កើតសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជននៅបណ្តាឆ្នាំខាងមុខ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ