ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ ព្រះមហាក្សត្រ នឹងយាងក្នុងព្រះរាជពិធីសុំភ្លើងស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម នៅអង្គរវត្ត
ភ្នំពេញ ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «វិមានកីឡដ្ឋាន» នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេច ទៀ បាញ់ មានប្រសាសន៍ថា នៅខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ ព្រះមហាក្សត្រ នៃកម្ពុជា នឹងយាងក្នុងព្រះរាជពិធីសុំភ្លើងស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម នៅប្រាសាទអង្គរវត្ត មុននឹងកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេច ទៀ បាញ់ បន្តថា បន្ទាប់ពីសុំភ្លើងគប់ នៅប្រាសាទអង្គរវត្ត ក៏នឹងមានពិធីដង្ហែរភ្លើងគប់ ទៅកាន់ប្រទេសសមាជិកអាស៊ានទាំង ១០ និង ត្រលប់មកវិញដង្ហែរ ជុំវិញបឹងទន្លេសាប នៃប្រទេសកម្ពុជា។
សម្តេច ទៀ បាញ់ បន្ថែមថា«កំឡុងខែកុម្ភៈឆ្នាំ ២០២៣ ព្រះរាជពិធីសុំភ្លើង ស៊ីហ្គេម និង កីឡាអាស៊ានប៉ារ៉ាហ្គេម នៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះមហាក្សត្រខ្មែរ សម្តេចព្រះនរោត្តម សីហមុនី និង ដង្ហែរភ្លើងគប់ ទៅកាន់ប្រទេសសមាជិកអាស៊ានទាំង ១០ និង ត្រលប់មកវិញដង្ហែរ ជុំវិញបឹងទន្លេសាប នៃប្រទេសកម្ពុជា»។
សូមជំរាបថា វិមានកីឡដ្ឋាន បានសាងសង់លើទំហំផ្ទៃដីប្រមាណ ១៦.២២ហិកតា ទំហំសំណង់ប្រហែល ៨.២៤ម៉ឺនម៉ែត្រការ៉េ គឺជាកីឡដ្ឋានខ្នាតធំ ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។ ពិសេសនឹងក្លាយជាកីឡដ្ឋានដ៏សំខាន់ សម្រាប់ត្រៀមស្វាគមន៍ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា នាឆ្នាំ២០២៣ខាងមុខ៕