នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ ផ្ញើសារគោរពជូនពរ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសទិវាខួបកំណើត គម្រប់៧០ឈាន ចូល៧១ឆ្នាំ
ភ្នំពេញ ៖ តាងនាមឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃខុទ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាយឧត្ដមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខធិការ និងជានាយកខុទ្ទកាល័យ សម្ដេចក្រឡាហោម សូមអនុញ្ញាតចូលរួមសម្ដែងនូវអំណរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃ លែង និងសូមគោរពជូនពរសព្ទសាធុការចំពោះ សម្ដេចក្រឡាហោម ក្នុងឱកាសប្រកបដោយសិរីមង្គល នៃទិវាខួបកំណើតគម្រប់៧០ឈាន ចូល៧១ឆ្នាំ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ។
នាយឧត្ដមសេនីយ៍ សូមសម្ដែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ និងគារវកិច្ចដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្ដេចក្រឡាហោម ដែលតែងយកអស់កម្លាំងកាយ ប្រាជ្ញា និងស្មារតី មិនខ្លាចនឿយហត់ ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនយ៉ាងស្មោះ ស្ម័គ្រ ដោយបង្កើតបាននូវសមិទ្ធផល និងស្នាដៃជាច្រើន ជាពិសេសនៅក្នុងបេសកកម្មថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដែលជាការរួមចំណែកដ៏មានសារៈសំខាន់ដល់ការការពារបានយ៉ាងរឹង មាំនូវសន្ដិភាព ស្ថិរភាពនយោបាយ និងធានាដល់ការអភិវឌ្ឍប្រកបដោយ ចីរភាពលើគ្រប់វិស័យ ក៏ដូចជា ចូលរួមគាំពារដល់សុខុមាលភាព និងការលើកកម្ពស់ជីវភាពរស់នីជូនប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងជាលំដាប់៕