ក្រសួងមហាផ្ទៃកម្ពុជា ដណ្តើមេដាយបាន ៧១គ្រឿង ពីការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ នៅកាណាដា
ភ្នំពេញ ៖ ក្រោយបញ្ចប់បេសកកម្មនៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នៅប្រទេសកាណាដា ប្រតិភូកីឡានគរបាលជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ដោយនាំមកជាមួយនូវមេដាយសរុប ៧១គ្រឿង។
ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់៦ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីកីឡាករប៉ូលីស មកពីប្រទេសជាង៧០ នៅលើសកលលោក។ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រកួតនេះឡើង គឺដើម្បីបង្ហាញពីសាមគ្គីភាព សមត្ថភាព និងទេពកោសល្យរបស់នគរបាលនៃបណ្តាប្រទេសនីមួយៗ ក៏ដូចជាការផ្លាស់ប្តូរ និងចែករំលែកនូវបទពិសោធលើវិស័យកីឡាពីគ្នាទៅវិញទៅមកផងដែរ ដែលកម្មវិធីប្រកួតនេះបានចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងការប្រកួតនោះ ក្រសួងមហាផ្ទៃកម្ពុជា បានឈ្នះមេដាយ ចំនួន ៧១គ្រឿង ក្នុងនោះ មេដាយមាស ចំនួន ៣៣គ្រឿង, ប្រាក់ ចំនួន ២៩គ្រឿង, និងសំរឹទ្ធ ចំនួន ៩គ្រឿង។ កម្ពុជាបានបញ្ជូនក្រុមកីឡានគរបាលជាតិតែ ចំនួន ៤៨នាក់ ដើម្បីប្រកួតលើវិញ្ញាសារចំនួន ១៣ប៉ុណ្ណោះ គឺកីឡាវាយសី, កីឡាលើកទម្ងន់, កីឡាយូដូ, កីឡាជឺជិតស៊ូ, កីឡាការ៉ាតេ, កីឡាហែលទឹក, កីឡាវាយកូនឃ្លីលើតុ, កីឡាបាល់ទះក្នុងសាល, កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាចំបាប់, កីឡាចំបាប់កាច់ដៃ, កីឡាវាយកូនគោល, កីឡាលើកទម្ងន់សាច់ដុំ Bench Press និងកីឡាទាញសាច់ដុំ Push Pull Lifting។
សូមរំលឹកថា នៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៩ ឆ្នាំ២០២២ នៅប្រទេសហូឡង់ កម្ពុជាទទួលបាន មេដាយចំនួន៣៣ គ្រឿងរួមមានមដដាយមាស ១៥គ្រឿង ប្រាក់ ៨គ្រឿង និងសំរឹទ្ធិ១០គ្រឿង ដោយឡែកនៅក្នុងការប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី១៨ ឆ្នាំ២០១៩ នៅប្រទេសចិន កម្ពុជាទទួលបានមេដាយចំនួន គ្រឿងក្នុងនោះ មេដាយមាសចំនួន១៨ ប្រាក់១៧គ្រឿង និងសំរឹទ្ធ១១គ្រឿង៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ