ក្រសួងបរិស្ថាន ៖ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ចង់ឲ្យពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត
ភ្នំពេញ ៖ ឆ្លើយតបទៅនឹងរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ថា ការសាងសង់ទំនប់វារីអគ្គិសនីសេសាន២ បានធ្វើឱ្យអន្តរាយដល់ការលើកស្ទួយសិទ្ធិមនុស្សនានានៅកម្ពុជា លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានវាយបកទៅអង្គការសិទ្ធិមនុស្សនេះថា ចង់ឱ្យប្រជាពលរដ្ឋខ្មែរបន្តដុតចង្កៀងប្រេងកាត។
លោកបានចាត់ទុករបាយការណ៍របស់អង្គការសិទ្ធិមនុស្សថា ជារបាយការណ៍បែបភូតកុហកនិងជារបាយការណ៍ដែលបំផ្លាញសិទ្ធិមនុស្ស បំផ្លាញសិទ្ធិសេដ្ឋកិច្ចទៅវិញទេ ហើយបានចាត់ទុករបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch នេះមានចរិតជាការបម្រើឱ្យផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងរារាំងដល់ដំណើរការអភិវឌ្ឍកម្ពុជាជាងការគិតគូរពីសិទ្ធិមនុស្សពិតប្រាកដ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរយ៉ាងម៉ត់ចត់ រាល់គម្រោងសាងសង់នានា ហើយបានព្យាយាមកាត់បន្ថយផលប៉ះពាល់ទាំងឡាយតាមរយៈឧបករណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានជាមួយនឹងដំណោះស្រាយនិងវិធានការច្បាស់លាស់រួចហើយ ដូចជា ៖
ទី១-ត្រូវកំណត់ឱ្យគម្រោងបញ្ចេញបរិមាណទឹកគ្រប់គ្រាន់ទៅខ្សែទឹកខាងក្រោមកំឡុងពេលប្រតិបត្តិគម្រោង ដែលអាចធានាបានពីការថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងទន្លេ។
និងទី២-គម្រោងបានផ្តល់ផ្ទៃដីទំហំ៧.០៨៦,៨០២ហិកតា ជូនប្រជាជនដែលរងផលប៉ះពាល់ពីគម្រោង ព្រមទាំងសាងសង់លំនៅដ្ឋានដែលមានផ្ទះថ្មចំនួន ១១៨ខ្នង ផ្ទះឈើចំនួន ៤៧១ខ្នង បន្ថែមថវិកាសង់ដោយខ្លួនឯងចំនួន ១២៧ខ្នង ជីកស្រះចំនួន ៦៣ ស្រះ សាលារៀនចំនួន ១២ សាលាមតេយ្យចំនួន ១២ សាលាឃុំចំនួន ២ វត្តអារាម ៣ ប៉ុស្តិ៍នគរបាល២ ប៉ុស្តិ៍អាវុធហត្ថ១ និងជីកអណ្តូងទឹកចំនួន ១៨១។ ដោយឡែកប្រជាពលរដ្ឋចំនួន ១២គ្រួសារ ដែលរស់នៅភូមិភ្លុក ឃុំភ្លុកទទួលយកសំណងថវិកា១០០%ពីក្រុមហ៊ុន ហើយក៏មានប្រជាពលរដ្ឋចំនួន៥៦គ្រួសារ មិនព្រមទទួលសំណង និងសុខចិត្តរស់នៅនៅទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ផលប៉ះពាល់ផ្សេងទៀត៕