សម្ដេចក្រឡាហោម ស ខេង ៖ សេចក្តីព្រាងច្បាប់ ស្តីពីអត្រានុកូលដ្ឋាន មានគោលបំណងសំខាន់ ធានាឱ្យមានវិធានការច្បាស់លាស់ ក្នុងការចុះបញ្ជីស្នាក់នៅ
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សេចក្តីព្រាងច្បាប់ ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានគោលបំណងសំខាន់ ធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ។
សម្ដេចក្រឡាហោម ស ខេង លើកឡើងបែបនេះនាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ។
ក្នុងនាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម បានដឹកនាំប្រតិភូតំណាងរាជរដ្ឋាភិបាល ឡើងការពារសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។ សម្ដេចបានថ្លែងជូនអង្គសភាថាសេចក្ដីព្រាងច្បាប់នេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសទាក់ទងនឹងការចុះបញ្ជីកំណើត មរណភាព និងអាពាហ៍ពិពាហ៍។
សម្ដេច បន្តថា «សេចក្ដីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ ធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ»។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិនិងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានានូវ ភាពរឹងមាំដែលត្រូវបានការពារដោយច្បាប់។ សេចក្តីព្រាងច្បាប់នេះ មាន ១២ជំពូក និង ១៨២មាត្រា។ អង្គសភាបានធ្វើការអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញដោយមានសំឡេងគាំទ្រជាឯកច្ឆន្ទ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ