ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ក្នុងភូមិសាស្ត្ររាជធានីភ្នំ ពេញ ដែលបានផ្តល់ជូននឹងអាចប្រើប្រាស់រហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។

សូមជម្រាបថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តការ បិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ដើម្បីធានា ប្រក្រតីភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតឱ្យធ្វើ ដំណើរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងអំឡុងពេលបិទខ្ទប់ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មទាំងឡាយដែលបានទទួលលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ ពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១៤នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមបន្តសុពលភាពលិខិតអនុញ្ញាតធ្វើដំណើរ ឬធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែល បានផ្តល់ជូននឹងអាចប្រើប្រាស់បានរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចំណុះរដ្ឋបាលរាជធានីភ្នំពេញ សាធារណជន និងប្រជាពលរដ្ឋ ចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ