ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងសង្គមជាតិមួយ មានគុណធម៌ និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះ នឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ។

យោងតាមសារលិខិត ក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ តុលា ចេញផ្សាយនាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ប្រវត្តិសាស្ត្រ និងបទពិសោធនៃសង្គមនីមួយៗ បានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃប្រជាជាតិមួយអាចប្រព្រឹត្តទៅបានប្រកបដោយចីរភាពនិងសមធម៌ ទាមទារឲ្យមានការអភិវឌ្ឍផ្នែកអប់រំ សីលធម៌ គុណធម៌ និងវប្បធម៌អហិង្សា។

សម្ដេចតេជោ បានបញ្ជាក់ថា «ផ្ទុយទៅវិញ ក្នុងសង្គមជាតិមួយដែលមានគុណធម៌និងសីលធម៌ធ្លាក់ចុះ សង្គមជាតិនោះ នឹងត្រូវទទួលរងនូវវិបត្តិ និងមហន្តរាយ។ ព្រះរាជាណាចក្រកម្ពុជាយើង មានប្រពៃណី ទំនៀមទម្លាប់ដ៏ល្អ កេរមរតកសម្បត្តិវប្បធម៌ ដែលសម្បូណ៌បែបនិងសមិទ្ធផលទាំងឡាយ ហើយត្រូវបានរក្សាគង់វង្ស រហូតមកដល់សព្វថ្ងៃនេះ»។

សម្ដេចតេជោ បានបន្ដថា មរតកទាំងអស់នេះ កើតចេញពីស្នាដៃ គុណូបការៈ និងការអប់រំប្រៀនប្រដៅប្រកបដោយគតិបណ្ឌិតនៃបុព្វបុរស និងចាស់ព្រឹទ្ធាចារ្យរបស់យើង ដែលអាចជាក្សត្រ ប្រជាជន មន្ត្រីរាជការ យុទ្ធជន បព្វជិត គ្រហស្ថ អ្នកអក្សរសាស្ត្រ ភាសាវិទូ សេដ្ឋវិទូ អ្នកស្រាវជ្រាវ សិល្បករ អ្នកច្បាប់ និងអ្នកវិទ្យាសាស្រ្តជាដើម។

សម្ដេចតេជោ បានបន្ថែមថា ក្នុងការប្រតិបត្តិក្នុងសង្គម ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យការគោរព និងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោល នៃគុណធម៌ដែលបង្កើតបានជាវប្បធម៌ និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយ ក្នុងការបន្តបុព្វហេតុការពារនិងកសាងប្រទេសជាតិរបស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទ និងដំបូន្មានចាស់ទុំគឺជាផ្នែកមួយ នៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអប់រំសីលធម៌ និងចរិយាធម៌របស់សង្គមជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ