កម្ពុជា ស្នើឥណ្ឌាបង្កើនការវិនិយោគនៅកម្ពុជា ជាពិសេស វិស័យបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានស្នើឥណ្ឌាបង្កើនការវិនិយោគនៅកម្ពុជា ជាពិសេស វិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែមនូវម៉ាស៊ីនកសិកម្មផ្សេងៗ។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា នាពេលថ្មីៗនេះ លោក ប៉ាន សូរស័ក្ដិ បានថ្លែងថា «ជម្រាបជូនអំពីផលិតផលកសិកម្មសក្តានុពលរបស់កម្ពុជា ដែលជាតម្រូវការក្នុងទីផ្សារឥណ្ឌា ហើយបានស្នើឱ្យភាគីឥណ្ឌាបង្កើនការវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យបច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនការនាំចូលបន្ថែមនូវម៉ាស៊ីនកសិកម្មផ្សេងៗជាដើម»។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានគាំទ្រក្នុងការជំរុញធុរកិច្ច និងវិនិយោគឥណ្ឌាមកកាន់កម្ពុជាបន្ថែម។ លោកស្រីក៏បានលើកទ្បើងអំពីបំណង ក្នុងការបង្កើតនូវវេទិកាផ្គូរផ្គងធុរកិច្ចរវាងភាគីទាំងពីរ ក្នុងពេលអនាគតដ៏ខ្លីផងដែរ។
នាឱកាសនោះដែរ លោករដ្ឋមន្រ្ដី និងលោកស្រីឯកអគ្គរដ្ឋទូត បានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពពាណិជ្ជកម្មអន្តរជាតិទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងតំបន់ ហើយបានពិភាក្សារលើការជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ផងដែរ។ ក្នុងនោះ កិច្ចពិភាក្សាបានធ្វើការកត់សម្គាល់ពីការរីកចំរើនជាបន្ដបន្ទាប់ និងឯកភាពបន្តលើការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែប្រសើរទ្បើងមួយកម្រិតទៀត ជាការពិសេស ការឈានទៅបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ជាងនេះទៀត ភាគីទាំងពីរ ក៏បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងបន្តសហការនិងគាំទ្រគា្នទៅវិញទៅមក ជាពិសេស ក្នុងវិស័យ សេដ្ឋកិច្ច-ពាណិជ្ជកម្ម សំដៅជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែកាន់ទ្បើងជាបន្តបន្ទាប់ទៀត៕EB