ភ្នំពេញ ៖ លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឆ្លើយតបអង្គការសង្គមស៊ីវីលមួយចំនួ នថា ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត អាចប្រឈមនឹងការទទួលខុ សត្រូវតាមផ្លូវច្បាប់ បើសិនវិភាគនោះ ប៉ះពាល់អ្នកដ៏ទៃ។

លោក ជិន ម៉ាលីន ឆ្លើយតបបែបនេះ បន្ទាប់ពីមាន អង្គការសង្គមស៊ីវីលមួយចំនួន បានចោទប្រកាន់ថា រាជរដ្ឋាភិបាលគំរាមកំហែងអ្នកវិភាគ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានថ្លែងថា ការវិភាគដែលចាត់ទុកថាជាសិទ្ធិសេរីភាពនៃការសម្តែងមតិ និងទស្សនៈហើយដែលការពារដោយច្បាប់នោះ គឺជាការវិភាគតាមបែបវិជ្ជាជីវៈ បានន័យថា ជាការវិវាគតាមបែបវិទ្យាសាស្រ្ត មានមូលដ្ឋាននិងវិធីសាស្រ្តនៃការសិក្សាស្រាវជ្រាវច្បាស់លាស់ ដោយផ្អែកលើទិដ្ឋភាពទ្រឹស្តី គោលការណ៍ទូទៅ កិច្ចសម្ភាសន៍ និងការអនុវត្តជាក់ស្តែង ជាដើម។

លោក បានបន្ដថា ការវិភាគមួយចំនួននៅកម្ពុជា ដែលក្រុមរបស់គេបញ្ជោរ និងលើកជើងថាជាអ្នកវិភាគឯករាជ្យនោះ ដោយសារតែបានរិះគន់រដ្ឋាភិបាល គឺមិនមែនជាការវិភាគតាមបែបវិជ្ជាជីវៈ និងមានលក្ខណៈវិទ្យាសាស្រ្តនោះទេ តែជាការវិភាគតាមអារម្មណ៍ ដែលរួមមានការស្រឡាញ់ ការស្អប់ និងគុំនុំគុំគួន រួមជាមួយនិងនិន្នាការនយោបាយផងដែរ។

លោក បានបញ្ជាក់ថា «ការវិភាគដោយមិនផ្អែកលើវិជ្ជាជីវៈ និងមូលដ្ឋាននៃការស្រាវជ្រាវតាមបែបវិទ្យាសាស្រ្ត នឹងអាចប្រឈមនឹងការទទួលខុសត្រូវតាមផ្លូវច្បាប់ ប្រសិនបើការវិភាគនោះប៉ះពាល់ និងរំលោភបំពានលើសិទ្ធិសេរីភាពនិងសេចក្តីថ្លៃថ្នូរអ្នកដ៏ទៃ និងបង្កចលាចលប៉ះពាល់ដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ ហើយការអនុវត្តច្បាប់លើអំពើល្មើសនេះ មិនមែនជាការគំរាមកំហែងដល់អ្នកវិភាគឡើយ ហើយការវិភាគដែលបំពានច្បាប់ទាំងនេះ ក៏មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនៃការសម្តែងមតិ និងទស្សនៈតាមផ្លូវច្បាប់នៅក្នុងសង្គមប្រជាធិបតេយ្យនោះដែរ»។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមទៀតថា កុំធ្វើជាអ្នកវិភាគជោរតាមអ្នកសម្ភាសន៍ និងវិទ្យុបរទេសមួយចំនួន ដែលមាននិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល និងផលប្រយោជន៍ជាតិ ព្រោះថា អ្វីដែលគេចង់បានគឺទស្សនៈរបស់អ្នកវិភាគដែលត្រូវនឹងគោលដៅរបស់គេ ដើម្បីយកទៅអត្ថាធិប្បាយ បកស្រាយ ញ្ចេញបញ្ចូលបន្ថែម និងផ្សព្វផ្សាយដើម្បីធ្វើការវាយប្រហារ បន្តុះបង្អាប់ និងរិះគន់រដ្ឋាភិបាលឲ្យខូចឈ្មោះតែប៉ុណ្ណោះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ