សម្តេចតេជោ ហ៊ុន សែន បញ្ជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្ត ស្រាវជ្រាវ ករណីសម្លាប់ពពែ យកសាច់ជាអាហារ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋរមន្រ្តីកម្ពុជា បានបញ្ជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវ ករណីសម្លាប់ពពែ យកសាច់ជាអាហារ។
តាមបណ្តាញសង្គម ហ្វេសប៊ុកផេក សម្តេចតេជោ បានលើកឡើងថា «តើមន្ត្រីយើងធ្វើដល់ថ្នាក់នេះ ជាមួយប្រជាជនមែនទេ? រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តដឹងរឿងនេះឬទេ? តើរាជរដ្ឋាភិបាលមានដែលហាមឃាត់ ប្រជាជនមិនអោយសម្លាប់ពពែ យកសាច់ជាអាហារ ពីពេលណាមក ទើបបានជាមន្ត្រីយើង ធ្វើមកលើប្រជាជនបែបនេះ?»។
សម្ដេចតេជោ បានបន្ដថា យើងលើកទឹកចិត្ត ឱ្យប្រជាជនចិញ្ចឹមសត្វ មិនមែនទុកសម្រាប់ទុកតាំងពិពរណ៍ទេ គឺសម្រាប់ជាចំណីអាហារ។ ហេតុអីបានប្រជាជនចិញ្ចឹមសត្វ គ្មានសិទ្ធិសម្លាប់សត្វ យកសាច់ទទួលទានហើយតម្រូវឱ្យសុំច្បាប់។ បើមានក្នុងច្បាប់ គឺត្រូវធ្វើវិសោធនកម្មច្បាប់។
សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំមិនដឹងថារូបភាព ក្នុងវីដេអូនេះកើតនៅក្នុងខេត្តណាទេ។ សុំរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិបាលខេត្តស្រាវជ្រាវ ហើយចូលមកបំភ្លឺអោយខ្ញុំ តាមហ្វេសបុកនេះ ដើម្បីអោយប្រជាជន បានដឹងជាទូទៅ។ ខ្ញុំហួសចិត្តនិងអាណិត ប្រជាជនជាទីគោរពស្រលាញ់របស់ខ្ញុំ»៕EB