រដ្ឋមន្ត្រីក្រសួងធម្មការ ណែនាំមន្ទីរធម្មការ រាជធានី-ខេត្ត ជំរុញផ្សព្វផ្សាយបញ្ហាគ្រឿងញៀន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ
ភ្នំពេញ ៖ លោក ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានណែនាំដល់ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់ រាជធានី-ខេត្ត ត្រូវជំរុញឲ្យមានសកម្មភាពអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។
យោងតាមលិខិតរបស់ ក្រសួងធម្មការ នាថ្ងៃទី២០ កញ្ញា លោក ឈិត សុខុន បានថ្លែងថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ មន្ត្រីរាជការក៏ដូចជាប្រជាពលរដ្ឋគ្រប់រូបនឹងធ្វើដំណើរទៅកាន់ទីវត្តអារាមជិតឆ្ងាយ ដើម្បីប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ២២ កញ្ញា ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។
លោក បានបញ្ជាក់ថា «ខ្ញុំសូមស្នើដល់ប្រធានមន្ទីរធម្មការ និងសាសនាគ្រប់ រាជធានី-ខេត្ត ពិនិត្យ និងជួយអន្តរាគមន៍ទៅគ្រប់ការិយាល័យធម្មការ និងសាសនាក្រុង-ស្រុក-ខណ្ឌ ដើម្បីអន្តរាគមន៍ ទៅគ្រប់វត្ដអារាមទាំងអស់ឱ្យយកចិត្តទុកដាក់បញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀន ដល់បងប្អូនប្រជាពលរដ្ឋ យើងឲ្យយល់ដឹងកាន់តែច្បាស់ និងចូលរួមកាន់តែសកម្មក្នុងការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ពី រាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន»។
លោករដ្ឋមន្ដ្រី បានបន្ដថា មន្ទីរធម្មការ និងសាសនាគ្រប់រាជធានី-ខេត្ត ជួយជំរុញឲ្យ មានសកម្មភាពអប់រំផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀនឲ្យបានទូលំទូលាយ៕EB