ភ្នំពេញ ៖ លោក គង់ គាំ ទីប្រឹក្សាគណបក្សឆន្ទៈខ្មែរ បានប្រកាសក្នុងបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃ១០ សីហា ដោយយល់ស្រប ផ្តល់តួនាទីឲ្យលោក អ៊ូ ច័ន្ទរ័្នត ក្នុងនាមជាស្ថាបនិក គណបក្សកែទម្រង់កម្ពុជា ដើម្បីប្រមូលគៀងគរ អតីតមន្រ្តី នៃអតីតគណបក្សសង្រ្គោះជាតិ (CNRP) ដែលបានទៅបង្កើតបក្សផ្សេងទៀត មកជាធ្លុងមួយ ដើម្បីប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលបោះឆ្នោតខាងមុខ ។


លោក អ៊ូ ច័ន្ទរ័ត្ន ស្វាគមន៍ចំពោះការប្រកាសផ្តល់ឲ្យលោក ពីសំណាកអ្នកនយោបាយ ចាស់វស្សារូបនេះ ។ តែលោកថា ចាំក្រសួងមហាផ្ទៃ ប្រកាសទទួលស្គាល់បក្សជាផ្លូវការ ពេលណា លោកនឹងចាប់ផ្តើម សកម្មភាពគៀងគរតែម្តង ។ លោក អ៊ូ ច័ន្ទរ័ត្នថ្មីៗនេះ បានប្រកាសសម្របសម្រួល អ្នកទៅបង្កើតបក្សថ្មីៗ កើតចេញពីអតីត CNRP មកប្រកួតជាមួយបក្ស កាន់អំណាច។

លោក គង់ គាំ បានថ្លែងក្នុងបណ្តាញ សង្គមហ្វេសប៊ុក នាថ្ងៃ១០ សីហា ថា ការរួបរួមអ្នកប្រជាធិបតេយ្យ មិនអាចគ្រាន់ តែជាវោហាស័ព្ទ នយោបាយនោះឡើយ តែត្រូវប្រែក្លាយទ្រឹស្តី ឲ្យទៅជាសកម្មភាព និង លទ្ធផលជាក់ស្តែង។

លោកថា លោក អ៊ូ ច័ន្ទរ័ត្ន ជាសហស្ថាបនិកម្នាក់ របស់គណបក្សកែទម្រង់កម្ពុជា បង្កើតថ្មីដូចគណបក្ស នយោបាយថ្មីៗដទៃដែរ ដែលមានចេតនា បង្រួបបង្រួម អ្នកនយោបាយអតីត CNRP ដែលបានបង្កើត គណបក្សនយោបាយថ្មីៗ ឲ្យចូលរួមជាធ្លុងមួយ ក្នុងការប្រកួតប្រជែង ជាមួយគណបក្សប្រជាជនកម្ពុជា នាពេលបោះឆ្នោតខាងមុង គឺជាចេតនាល្អ ។

 

លោកបញ្ជាក់ថា «ដើម្បីអាចសំរេចការជួបពិភាក្សាគ្នា ជាក់ស្តែង គណបក្សឆន្ទៈខ្មែរ យល់ស្របជូនតួនាទី ដល់គណបក្សកែទម្រង់កម្ពុជា ជាអ្នកសម្របសម្រួល អញ្ជើញថ្នាក់ដឹកនាំ និងអ្នកនយោបាយបង្កើត គណបក្សនយោបាយថ្មីៗ (ដែលព្រមព្រៀង) ហើយកំណត់ពេលវេលា និងទីកន្លែងសមស្រប តាមឱកាសដែលអនុគ្រោះ»។

ដោយឡែក លោក អ៊ូ ច័ន្ទរ័ត្ន ក៏បានលើកឡើងថា គម្រោង នៃការរួបរួមអ្នកប្រជាធិបតេយ្យ លោកបានរៀបចំទុក ជាយូរមកហើយ ដោយរង់ចាំឲ្យក្រសួងមហាផ្ទៃ ប្រកាសសុពលភាពបក្ស ជាផ្លូវការប៉ុណ្ណោះ នឹងចាប់ផ្តើមធ្វើសកម្មភាព ប្រមែលប្រមូលហើយ ដោយនឹងរិះរកវិធីសម្របសម្រួល ដោយរបៀបណា ដើម្បីឲ្យពួកគេយល់ព្រម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ