រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជាង ៤២ម៉ឺនដុល្លារ សម្រាប់ស្ដារប្រព័ន្ធធារាសាស្ត្រ និងសាងសង់ស្ពាន ក្នុងខេត្តឧត្តរមានជ័យ, កំពង់ឆ្នាំង និងស្ទឹងត្រែង
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំកម្ពុជា បានចុះហត្ថលេខាផ្ដល់ថវិកាចំនួន ៤២៤,៩០៧ដុល្លារអាមេរិក ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (គូសាណូណ៌) ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ ក្នុងខេត្តឧត្តរមានជ័យ, គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងគម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃថទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយលោក តានិណៃ អ៊ុឈិតុម៉ុ ភារធារីស្តីទីនៃស្ថានទូត ជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និង អ្នកតំណាងស្ថាប័នទទួលជំនួយទាំង៣។
គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖
ទី១៖ គម្រោងស្តារប្រព័ន្ធធារាសាស្ត្រថ្នល់ដាច់ក្នុងខេត្តឧត្តរមានជ័យ (ថវិកាចំនួន ១១៩,៤២៤ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តឧត្តរមានជ័យ។ ជំនួយនេះ នឹងត្រូវបានប្រើប្រាស់ដើម្បីស្តារប្រព័ន្ធធារាសាស្ត្រមានស្រាប់ដែលមានមុខងារអាងស្ដុកទឹកអន់ថយ។
ទី២៖ គម្រោងសាងសង់ស្ពានក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង (ថវិកាចំនួន ១៣៧,២០៧ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ថានបច្ចុប្បន្នដែលមានសភាពទ្រុឌទ្រោម។
ទី៣៖ គម្រោងសាងសង់ស្ពានក្នុងឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង (ថវិកាចំនួន ១៦៨,២៧៦ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង។ ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសង់ស្ពានបេតុងថ្មីមួយ ជំនួសឱ្យស្ពានឈើពុកផុយបច្ចុប្បន្ន ខណៈដែលប្រជាជនមូលដ្ឋានជាច្រើនតែងតែឆ្លងកាត់ស្ពាននេះដើម្បីទៅសាលារៀន កន្លែងធ្វើការ និងមន្ទីរពេទ្យ ព្រមទាំងដឹកជញ្ជូនកសិផល ស្ពាននេះបានរងការខូចខាត និងគ្មានសុវត្ថិភាព ជាពិសេសសម្រាប់កុមារ និងមនុស្សចាស់៕