រាជរដ្ឋាភិបាល គ្រោងចំណាយជាង១២៥ពាន់លានរៀល ដើម្បីបើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជិត៧០ម៉ឺនគ្រួសារ សម្រាប់ខែទី៤
ភ្នំពេញ ៖ សម្រាប់ខែទី៤ នៃកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» រាជរដ្ឋាភិបាលបានគ្រោងចំណាយនូវថវិកាជាង១២៥ពាន់លានរៀល សម្រាប់បើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះជិត៧០ម៉ឺនគ្រួសារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម។
កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច ក្រោមការដឹកនាំលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនានា នៃប្រព័ន្ធគាំពារសង្គម នាពេលកន្លងមក ពិសេសកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩, ការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់បុគ្គលនៃវិស័យសាធារណៈ និងយន្តការតាមដាន និងវាយតម្លៃប្រព័ន្ធគាំពារសង្គម។
ខែទី៤នៃកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» ចាប់ផ្ដើមអនុវត្តបើកផ្ដល់កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០ ដល់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។
រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩» កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ កន្លងមក។ កម្មវិធីនេះ គឺជាការយកចិត្តទុកដាក់ចំពោះជីវភាព និងការលំបាករបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដោយបានរួមចំណែកជំរុញឱ្យមានការកែសម្រួលកាន់តែប្រសើរឡើង នូវការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ និងជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត ក្នុងការអនុវត្តកម្មវិធី។
ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា «កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ ទទួលបានការសារទរទាំងពីថ្នាក់ជាតិ និងមជ្ឈដ្ឋានអន្តរជាតិ។ ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់សម្រាប់ខែទី១ មានអ្នកទទួលផលចំនួន ៥៣០ ៨៣៨ គ្រួសារ, ខែទី ២ ចំនួន ៥៩៨ ៥១២គ្រួសារ, ខែទី ៣ ចំនួន៦៤៤ ៦៥៥ គ្រួសារ ។ ដោយឡែកសម្រាប់ខែទី ៤ ដែលបានចាប់ផ្ដើមអនុវត្តបើកផ្ដល់កាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០, រាជរដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាចំនួន ១២៥ ១៧២ ៦៨៧ ៦០០ រៀល សម្រាប់បើកផ្ដល់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ៦៨៩ ៩៧៣ គ្រួសារ ។ អង្គប្រជុំក៏បានពិភាក្សាអំពីទិសដៅបន្ទាប់ក្នុងការបន្តអនុវត្តកម្មវិធីនេះ ផងដែរ»៕EB