ភ្នំពេញ ៖ យោងតាមរបាយការណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រជាជន ចិន-វៀតណាម រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែកុម្ភៈ ២០២១ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៨៩២.៦៣៨ នាក់ ថយចុះ ២,២៣% ធៀបនឹងឆ្នាំ២០២០។
ប្រភពដដែល បន្ដថា ដោយសារពិធីបុណ្យប៉ះចំចុងសប្តាហ៍ (សុក្រ សៅរ៍ អាទិត្យ) លំហូរភ្ញៀវទេសចរផ្ទៃ ក្នុងមានភាព ផុសផុលទូទាំងប្រទេស ហើយប្រជាពលរដ្ឋមានឱកាសដើរកម្សាន្ត ក្នុងស្រុកច្រើន ដោយសារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍បាន។ ទន្ទឹមនឹងនេះ ក៏មានប្រជាពលរដ្ឋខ្លះ នៅមិនទាន់ត្រលប់ចូលមករាជធានីភ្នំពេញវិញទេ ហើយអាជីវកម្មមួយចំនួន ក៏នៅបន្តបិទទ្វាររហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ដោយតាមទំលាប់ ដែលជាប់ខ្សែស្រឡាយចិន ពួកគាត់ច្រើននៅបន្តដើរកម្សាន្តរហូតដល់ថ្ងៃស្អែកមួយថ្ងៃទៀត។
ជាងនេះទៅទៀត គ្រប់គោលដៅទេសចរណ៍ បានខិតខំអនុវត្តតាមគោលណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការណែនាំ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់អភិបាលរាជធានី-ខេត្ត។ ប៉ុន្តែ នៅតាមគោលដៅទេសចរណ៍ដែលប្រជាពលរដ្ឋសម្រុកទៅកម្សាន្តច្រើនក្នុងពេលតែមួយ នៅមិនទាន់អាចអនុវត្តបានពេញលេញនៅឡើយ៕EB