ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់បណ្ឌិត្យសភានគរបាលកម្ពុជា បង្កើនសមាសភាពមន្ត្រីជាស្ត្រីយ៉ាងតិច២នាក់ នៅក្នុងអង្គភាពក្រោមចំណុះរបស់ខ្លួន ដោយសារតែបច្ចុប្បន្ន សូម្បីតែអភិបាលរងខេត្ត ក៏ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានយ៉ាងតិច ២នាក់ដែរ។

ការណែនាំដូចនេះ ក្នុងពេលដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

សម្តេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាល និងមន្ដ្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើន ទាក់ទងទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការកសាងធនធានមនុស្សផ្នែកកងកម្លាំងនគរបាលជាតិ ជាឧត្តមប្រយោជន៍សម្រាប់ប្រទេសកម្ពុជា។ ទន្ទឹមនេះសម្តេច បានឯកភាព ទៅលើផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើសេចក្តីរាយការណ៍ ជូនសម្តេចក្រឡាហោម និងអង្គប្រជុំថា ពីដំណើរការនៃការរៀបចំផែនការសកម្មភាពឆ្នាំ២០២៣ របស់បណ្ឌិត្យសភានគរបាលកម្ពុជាគឺ ផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ ស្របតាមផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ (២០១៩-២០២៣) និងផែនការយុទ្ធសាស្ត្របណ្តាឆ្នាំកន្លងទៅរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

ផ្អែកលើការរៀបចំផែនការនេះ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា មានសកម្មភាពលម្អិតចំនួន ១៤១សកម្មភាព ដែលមានសង្គតិភាពទៅនឹងចង្កោមសកម្មភាពចំនួន ៣១ និងយុទ្ធសាស្ត្រចំនួន១១ ដែលបានកំណត់ផែនការយុទ្ធសាស្ត្រសម្រាប់ការអនុវត្តតាមអង្គភាពចំណុះ។ ផែនការនេះ រៀបចំឡើងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារដឹកនាំ និងគ្រប់គ្រងលើកកម្ពស់សមត្ថភាព បណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យក្លាយជាស្ថាប័នដែលមានលក្ខណៈសម្បត្តិសមស្របតាមស្តង់ដាគុណភាព លើកកម្ពស់គុណភាពការស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងលើកកម្ពស់គុណភាព និងសមត្ថភាពវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារឱ្យក្លាយជាកងកម្លាំងសហការ និងកម្លាំងស្នូល ដែលមានចំណេះដឹងជំនាញវិជ្ជាជីវៈពិតប្រាកដ គោរពក្រមសីលធម៌វិជ្ជាជីវៈ គោរពប្រតិបត្តិច្បាប់ គោរពសិទ្ធិមនុស្ស មានស្មារតីទទួលខុសត្រូវលើការងារ ចេះប្រើប្រាស់ឧបករណ៍ និងសម្ភារបច្ចេកទេសទំនើប ព្រមទាំងបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិបានល្អប្រសើរ ក្នុងការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ