រដ្ឋមន្ត្រីក្រសួងបរិស្ថាន ៖ សុខសន្ដិភាព គឺជាកត្តាមិនអាចខ្វះបាន ក្នុងការគ្រប់គ្រងបរិស្ថាន និងអភិវឌ្ឍន៍សេដ្ឋកិច្ច
ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា សុខសន្តិភាព គឺជាកត្តាមិនអាចខ្វះបាន ក្នុងការគ្រប់គ្រងបរិស្ថាន និងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក James Larsen អ្នកសម្របសម្រួលកិច្ចការប្រែប្រួលអាកាសធាតុ និងលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រ្តាលី ប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក សាយ សំអាល់ បានបញ្ជាក់ថា «សុខសន្តិភាព គឺជាកត្តាដែលមិនអាចខ្វះបានក្នុងការគ្រប់គ្រងបរិស្ថាន ការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ រាជរដ្ឋាភិបាល បាននិងកំពុងចាប់យកកាលានុវត្តភាព តាមរយៈការវិនិយោគចម្បងៗ ដែលអាចជំរុញកំណើនសេដ្ឋកិច្ចបានឆាប់រហ័ស»។
នាឱកាសនោះ លោក James Larsen បានលើកឡើងថា អូស្រ្តាលី បានផ្តល់ការគាំទ្រជាច្រើនដល់បណ្តាប្រទេសតាមដងទន្លេមេគង្គ រួមមាន ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងធនធានទឹក និងការអប់រំបរិស្ថាន។ លោកថា ចំពោះសន្និបាតសហប្រជាជាតិលើកទី២៦ ស្តីពីការប្រែប្រួលអាកាសធាតុ អូស្រ្តាលី គាំទ្រដល់ចក្រភពអង់គ្លេស ក្នុងការរៀបចំកិច្ចប្រជុំទល់មុខគ្នា ដែលផ្តលឱកាសដល់គ្រប់រដ្ឋជាសមាជិកបានជជែកគ្នាដោយផ្ទាល់។
លោកបានបន្ដថា អូស្រ្តាលីបានផ្តួចផ្តើមឲ្យមានពិភាក្សាគ្នាអំពីការផលិតអគ្គីសនីដោយប្រើប្រាស់ឧស្ម័នអ៉ីដ្រូសែន នៅក្នុងសន្និបាតសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ដើម្បីជាជម្រើសមួយដ៏ប្រសើរសម្រាប់លើកកម្ពស់ផែនការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឲ្យនៅកម្រិតសូន្យ នៅឆ្នាំ២០៥០។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីបរិស្ថាន បានសស្វាគមន៍ចំពោះការលើកឡើងរបស់ភាគីអូស្រ្តាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជា បញ្ហាបរិស្ថានសកល។ លោកក៏បានលើកជាសំណើ ចំនួន២ រួមមាន ៖ ទី១-បង្កើតមជ្ឈមណ្ឌលចែករំលែងពត៌មានអំពីថាមពលឧស្ម័នអ៉ីដ្រូសែន ដោយមានការចូលរួមពី ក្រសួងបរិស្ថាន គ្រឹះស្ថានសិក្សាស្រាវជ្រាវរបស់កម្ពុជា និងអូស្រ្តាលី និងទី២- បង្កើតឲ្យមានផែនទីបង្ហាញផ្លូវ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាង កម្ពុជា និងអូស្រ្តាលី៕EB