ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ និងធ្វើតេស្ដរហ័ស សម្រាប់ការជួបជុំគ្រប់ប្រភេទ។

តាមរយៈសារសំឡេងពិសេសមួយជូនជនរួមជាតិ នាល្ងាចថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រេចលែងកាតព្វកិច្ចពាក់ម៉ាស់ សម្រាប់ការជួបជុំគ្រប់ប្រភេទ ប៉ុន្ដែបុគ្គលម្នាក់ៗ អាចពាក់ម៉ាស់តាមជម្រើសរៀងៗខ្លួន»។

ប៉ុន្ដែទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន នៅតែអំពាវនាវដល់ប្រជាពលរដ្ឋបន្ដរក្សាអនាម័យតាមរយៈការលាងដៃជាមួយសាប៊ូ ជែល ឬអាល់កុលឲ្យបានញឹកញាប់។ សម្ដេចតេជោ បានណែនាំដល់ក្រសួងសុខាភិបាល ត្រូវបន្ដតាមដានវាយតម្លៃឲ្យបានជាប់ជាប្រចាំ លើស្ថានភាពជំងឺកូវីដ១៩ ដោយសហការជាមួយអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា។

លើសពីនេះ សម្ដេចបានលើកទឹកចិត្តដល់បុគ្គលដែលមានការសង្ស័យ គប្បីប្រកាន់ខ្ជាប់នូវវិធានការ «៣ការពារ និង៣កុំ» និងធ្វើតេស្ដរហ័សរកមេរោគកូវីដ១៩ដោយខ្លួន ព្រមទាំងតាមដានសុខភាពឲ្យបានត្រឹមត្រូវ។

បើតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលនៅតែរក្សានូវវិធានការការពារ ដើម្បីត្រៀមប្រុងប្រយ័ត្នជានិច្ចឆ្លើយតបជាមួយសភាពការណ៍ដែលនឹងកើតឡើង ជាពិសេសក្រសួងសុខាភិបាល ត្រូវតាមដានឲ្យបានម្មត់ចត់ និងមានវិធានការសម្រាប់ស៉ីហ្គេមខាងមុខ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ប្រសិនបើបន្ដវិធានការធ្វើតេស្ដមុខចូលបើកព្រឹត្តិការណ៍ស៉ីហ្គេម ឬទស្សនាការប្រកួតស៉ីហ្គេម ច្បាស់ជាបង្កើតនូវបញ្ហាធ្ងន់ធ្ងរសម្រាប់ក្រុមគ្រួសារ និងការរង់ចាំរបស់ប្រជាពលរដ្ឋ អំពីការធ្វើតេស្ដ ប៉ុន្ដែយើងនឹងទម្លាក់បញ្ហានេះឲ្យបុគ្គលម្នាក់ៗ ក្នុងករណីសង្ស័យត្រូវធ្វើតេស្ដដោយខ្លួនឯង ហើយមិនចាំបាច់ទៅចូលរួមនោះដែរ ជៀសវាងបង្កើតបញ្ហាសម្រាប់អ្នកដទៃ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ