ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី បានឲ្យដឹងថា រហូតមកដល់ពេលនេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ពុំទាន់ទទួលបានការបញ្ជាក់ណាមួយ ថា ករណីស្រ្តីជនជាតិថៃ ដែលរងការជួញដូរសរីរាង្គ កើតមានឡើងនៅប្រទេសកម្ពុជាទេ។ 

ការលេីកឡេីងរបស់លោក ជុំ សុន្ទរី ក្រោយពីមានការចុះផ្សាយក្នុង Thai Examiner ថ្ងៃទី ១២ ខែមិនា ឆ្នាំ២០២២ អំពីករណីមានស្រ្តីជនជាតិថៃម្នាក់ បានអះអាងថា ខ្លួនបានប្រឈមនឹងគ្រោះថា្នក់នៃការជួញដូរសរីរាង្គនៅកម្ពុជា។ 

តាមសេចក្ដីបំភ្លឺរបស់ លោក ជុំ សុន្ទរី នាថ្ងៃទី១៣ មីនា ថា អាជ្ញាធរមានសមត្ថកិច្ចខេត្តព្រះសីហនុ បានប្រកាសបដិសេធរួចហើយថានោះ គឺជាការលើកឡើងដោយគ្មានមូលដ្ឋានត្រឹមត្រូវពិតប្រាកដ។

លោក បានបញ្ជាក់ថា "ទន្ទឹមនឹងនេះ  ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ក៏បានទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ ស្វែងរកការបញ្ជាក់លើព័ត៌មាននេះ តែរហូតមកដល់ ពេលនេះ (ព្រឹកថ្ងៃទី១៣ ខែមិនា) ពុំទាន់ទទួលបានការ បញ្ជាក់ណាមួយ ថានេះជាករណីដែលបានកើតមានឡើងនៅកម្ពុជា ដូចព័ត៌មានដែលបានផ្សាយនោះឡើយ"។ 

អ្នកនាំពាក្យក្រសួងការបរទេស បានបន្ដថា ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ កំពុងបន្តទាក់ទងជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ រកព័ត៌មានបន្ថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ