ភ្នំពេញ ៖ លោក Pablo Chiho Kang បានជួបពិភាក្សាការងារជាមួយលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិភាក្សាអំពីការគាំទ្រផ្នែកបច្ចេកទេសរបស់អូស្ត្រាលី នៅក្នុងវិស័យសំណង់ និងប្រធានបទនានា ទាក់ទងនឹងទំនាក់ទំនងទ្វេភាគីរវាង អូស្ត្រាលី និងកម្ពុជា។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអូស្ដ្រាលី ប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា បន្ទាប់ពីកិច្ចពិភាក្សានេះ លោកឯកអគ្គរាជទូត និងលោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីដាក់ចេញជាផ្លូវការ នូវកិច្ចសហប្រតិបត្តិការ លើការពង្រឹងសុវត្ថិភាពការងារក្នុងវិស័យសំណង់ នៅប្រទេសកម្ពុជា។
នាឱកាសនោះ លោកឯកអគ្គរាជទូត បានថ្លែងថា ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃទីក្រុងនានានៅកម្ពុជា បានបង្កើតនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត។ ការដួលរលំនៃអគារធំៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺជាសោកនាដកម្មនៅកម្ពុជា។
លោក បានបញ្ជាក់ថា «យើងមើលឃើញពីភាពចាំបាច់របស់អូស្រ្តាលី ក្នុងការឆ្លើយតបយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពទៅកាន់ សំណើសុំរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការធ្វើឱ្យប្រសើរឡើង នូវសុវត្ថិភាពរបស់កម្មករសំណង់ ក្រុមគ្រួសាររបស់ពួកគេ និងសាធារណជន រួមទាំងហានិភ័យនានា ទាក់ទងនឹងជំងឺកូវីដ-១៩»។
លោក បានបន្ដថា ក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងនេះ អូស្ត្រាលីបាន និងកំពុងគាំទ្រ ក្រសួង ដើម្បីបង្កើតគោលការណ៍ណែនាំដំបូងមួយសម្រាប់កម្ពុជា ដែលផ្តោតទៅលើសុខភាព និងសុវត្ថិភាពនៅការដ្ឋានសំណង់ ដើម្បីពង្រឹងសុវត្ថិភាព និងកាត់បន្ថយហានិភ័យនៃការស្លាប់ និងគ្រោះថ្នាក់នានា នៅតាមការដ្ឋានសំណង់នៅកម្ពុជា។
សូមបញ្ជាក់ថា ការគាំទ្រជាបន្តរបស់អូស្រ្តាលី ទៅលើសុវត្ថិភាពការងារក្នុងវិស័យសំណង់នេះ ជាផ្នែកមួយនៃកម្មវិធី «វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ» របស់អូស្រ្តាលី ដែលមានរយៈពេល ៦ ឆ្នាំ និងមានទឹកប្រាក់ចំនួន ៤៩.៤ លានដុល្លារអូស្រ្តាលី៕EB