ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ ផ្លែមៀនស្រស់របស់កម្ពុជាប្រមាណជាង ៦ពាន់តោន ត្រូវបាននាំចេញទៅកាន់ប្រទេសចិន។

កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា «ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន នៅតែមានជាបន្ដបន្ទាប់ ជាក់ស្ដែងក្នុងរយៈពេល ៣ខែដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ចំនួន ៣៤០០តោនទៅកាន់ប្រទេសចិន ហើយគិតចាប់ពីការបើកទីផ្សារនាំចេញផ្លែមៀនមក កម្ពុជាបាននាំចេញផ្លែមៀនស្រស់ជាង ៦ពាន់តោនហើយ»។

អ្នកនាំពាក្យរូបនេះ បន្ដទៀតថា ក្រសួងកសិកម្មសង្ឃឹមថាការនាំចេញផ្លែមៀនស្រស់នេះ នឹងមានកំណើនជាបន្ដបន្ទាប់ ដោយសារតែបន្ទាប់ពីបើកទីផ្សារ នាំចេញផ្លែមៀនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិនឃើញថា ភាគីចិនមិនត្រឹមតែបានដាក់លក់ផ្លែមៀន តាមទីផ្សារនានាប៉ុណ្ណោះទេ តែបានដាក់លក់លើទីផ្សារអនឡាញបន្ថែមទៀត ដែលទទួលបានការពេញនិយម និងគាំទ្រពីប្រជាជនចិន៕

សូមរំលឹកថា ផ្លែមៀនស្រស់របស់កម្ពុជា ត្រូវបានសម្ពោធនាំចេញជាផ្លូវការ ទៅកាន់ប្រទេសចិនក្នុងខែតុលា ឆ្នាំ២០២២ ដោយការនាំចេញជាលើកដំបូងក្នុងបរិមាណជាង ១ពាន់តោន។ ចំពោះចំការមៀនទទួលបានការអនុម័ត ចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិនមានចំនួន៧៤ ក្នុងនៅនៅខេត្តប៉ៃលិនចំនួន៤០ចំការ បាត់ដំបងចំនួន ២៨ចំការ និងបន្ទាយមានជ័យចំនួន ៦ចំការ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ