កម្ពុជា-វៀតណាម បន្ដទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ប្រព្រឹត្តដោយបុគ្គល ឬបទល្មើសមានអង្គការចាត់តាំង
ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានបន្ដបង្កើនកិច្ចសហការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ប្រព្រឹត្តដោយបុគ្គល ឬបទល្មើសមានអង្គការចាត់តាំង ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ។
នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ និងចុះហត្ថលេខាលើ អត្ថបទបំពេញបន្ថែមទៅលើផែនការសហប្រតិបត្តិការឆ្នាំ២០២០ ជាមួយ ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ដើម្បីបន្តអនុវត្តនូវយន្តការសហប្រតិបត្តិការប្រចាំឆ្នាំទ្វេភាគីរវាងក្រសួងទាំងពីរ ដែលបានអាក់ខាន អស់រយៈពេល ជាង១ឆ្នាំកន្លងមកនេះ ដោយសារស្ថានភាពប្រឈមដ៏ស្មុគស្មាញបង្កឡើងដោយជំងឺកូវីដ-១៩ សម្តេចក្រឡាហោម ស ខេង និងឧត្តមសេនីយ៍ឯក តូ ឡឹម បានចុះហត្ថលេខាលើអត្ថបទបំពេញបន្ថែមទៅលើខ្លឹមសារ នៃផែនការសហប្រតិបត្តិការ ឆ្នាំ២០២០ សម្រាប់អនុវត្តបន្តជាផែនការសហប្រតិបត្តិការឆ្នាំ២០២១ រវាងក្រសួងទាំងពីរ និងបានឯកភាពយកចិត្តទុកដាក់បន្តអនុវត្តកិច្ចការសំខាន់ៗ មួយចំនួនបន្ថែមទៀត រួមមាន៖
ទី១-បង្កើនកិច្ចសហការធានាសន្តិសុខតាមព្រំដែន តាមរយៈការជំរុញវិធានការបង្ការ និងទប់ស្កាត់ការ ចេញ-ចូលឆ្លងដែនខុសច្បាប់ ព្រមទាំងបន្តកិច្ចសហការរក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពតំបន់ ព្រំដែន ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព និងការអភិវឌ្ឍ។
ទី២-បង្កើនកិច្ចសហការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ប្រព្រឹត្តដោយបុគ្គល ឬបទល្មើសមានអង្គការចាត់តាំង ជាពិសេសបទល្មើសគ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ដោយអនុលោមតាមច្បាប់នៃប្រទេសនីមួយៗ។
និងទី៣-បន្តកិច្ចសហការជិតស្និទ្ធ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងការជួយគាំទ្រគ្នាទៅវិញទៅមកលើការងារថែរក្សាសន្តិសុខ សុវត្ថិភាព បម្រើឲ្យការប្រារព្ធនូវព្រឹត្តការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ដែលប្រទេសទាំងពីរត្រូវរៀបចំ ឬធ្វើជាម្ចាស់ផ្ទះ៕