ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ប្រចាំឆមាសទី១ ឆ្នាំ២០២៣ កើតឡើង ១៥៤៨ លើក បង្កឲ្យមនុស្សស្លាប់ចំនួន ៧៥៦ នាក់ និងរបួស ២០៧២ នាក់ បើប្រៀបធៀបគ្រោះថ្នាក់ឆ្នាំ ២០២២ ថយចុះ ៦១ លើក ដែលភាគច្រើនបណ្ដាលមកពីល្បឿន។

កាលពីរសៀលថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២៣ នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយយោងតាមរបាយការណ៍រាយការណ៍ដោយលោកឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ប្រចាំឆមាសទី ១ ឆ្នាំ ២០២៣ កើតឡើង ១៥៤៨ លើក (យប់ ៥៤ ភាគរយ) មានមនុស្សស្លាប់ចំនួន ៧៥៦ នាក់ របួស ២០៧២ នាក់ (ធ្ងន់ ១៣៣២ នាក់) បើប្រៀបធៀប នៃគ្រោះថ្នាក់ ឆ្នាំ ២០២២ ថយចំនួន ៦១ លើក ស្មើ ៤ ភាគរយ ស្លាប់ថយ ១៨៦ នាក់ ស្មើ ២០ ភាគរយ របួសថយ ១៦៣ នាក់ ស្មើ ៧ភាគរយ។

របាយការណ៍ ដដែលបន្ថែមថា ចំពោះមូលហេតុបង្កឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងបណ្ដាលមកពីល្បឿន ៣៩ ភាគរយ ,មិនគោរពសិទ្ធិ ២៥ ភាគរយ ,បត់ ១០ ភាគរយ ,មិនប្រកាន់ស្ដាំ ៩ ភាគរយ ,វ៉ាជែង ៧ ភាគរយ ,កត្តាយានយន្ត ៤ ភាគរយ ,កត្តាស្រវឹង ៣ ភាគរយ ,ងងុយ ១ ភាគរយ ,ល្មើសសញ្ញា ១ ភាគរយ និងកត្តាអាកាសធាតុ ១ ភាគរយ។

ដោយឡែកទីកន្លែងដែលកើតគ្រោះថ្នាក់ច្រើន រួមមាន ៖ រាជធានីភ្នំពេញ ៤៥៨ លើក, ខេត្តព្រះសីហនុ ១២១០ លើក, ខេត្តពោធិ៍សាត់ ១០៤ លើក, គ្រោះថ្នាក់ផ្លូវល្បឿនលឿន កើតឡើងចំនួន ១៤៣ ករណី (យប់ ៥២ លើក) មានមនុស្សស្លាប់ ៣ នាក់ និងរងរបួស ៤៤ នាក់ (ធ្ងន់ ៧ នាក់), គ្រោះថ្នាក់រថយន្តកម្មករ ៥ លើក ស្លាប់មនុស្ស ១ នាក់, របួសសរុប ១០៨ នាក់ (ធ្ងន់ ១៩ នាក់) នៅខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពង់ឆ្នាំង៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ