គ្រាប់ស្វាយចន្ទីរបស់កម្ពុជា នាំចេញទៅវៀតណាមជាង ២៣ម៉ឺនតោន និងទទួលចំណូលជាង ៣០០លានដុល្លារ ក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៣
ភ្នំពេញ ៖ រយៈពេល៣ខែដើម ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទី ទៅប្រទេសវៀតណាមជាង ២៣ម៉ឺនតោន ទទួលបានទឹកប្រាក់ ៣២០លានដុល្លារ ថយចុះ១២.៩៥% បើធៀបរយៈកាលដូចគ្នា ទៅនឹង២០២២។ នេះបើយោងតាមរបាយការណ៍ សមាគមស្វាយចន្ទីកម្ពុជា។
លោក អ៊ួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា មូលហេតុនៃការនាំចេញធ្លាក់ចុះនេះ ដោយសារតែតម្លៃគ្រាប់ស្វាយចន្ទីសើម នៅចុងខែមីនាមានការធ្លាក់ចុះ ខណៈអ្នកមានឃ្លាំងមួយចំនួនធំៗ បានហាលទុកបញ្ចេញលក់នៅពេលក្រោយ។ លោក បន្ដថា បច្ចុប្បន្ននេះគ្រាប់ចន្ទីសើមមានតម្លៃចន្លោះពី ៤០០០រៀលទៅ ៤៦០០រៀល និងតម្លៃគ្រាប់ស្ងួតចន្លោះពី ៦០០០រៀលទៅ ៧០០០រៀល។
លោក បានគូសបញ្ជាក់ថា «តម្លៃគ្រាប់សើមនៅឆ្នាំ២០២៣ មានស្ថិរភាពជាងរាល់ឆ្នាំ ដោយចាប់ពីចុងខែមករា ដល់ពាក់កណ្តាលខែមីនា តម្លៃចន្លោះពី ៥២០០រៀល ទៅ៦២០០រៀល។ ប៉ុន្តែចាប់តាំងពីថ្ងៃ១៨ ខែមីនា មកតម្លៃបានធ្លាក់ចុះបន្តិចមក ៥០០០រៀលដល់ ៤០០០រៀល ក្នុងមួយគីឡូក្រាម។ សមាគមស្វាយចន្ទីកម្ពុជា លើកទឹកចិត្តដល់ម្ចាស់ចម្ការ ដែលជាសមាជិករបស់សមាគមទាំងអស់ ឈប់លក់គ្រាប់សើម ហើយហាលទុកលក់នៅអំឡុងខែសីហា ដែលសមាគមរំពឹងថា តម្លៃនឹងកើនឡើង»៕EB