ភ្នំពេញ ៖ ក្នុងបរិបទជំងឺកូវីដ-១៩ នៅកម្ពុជា ក្រសួងមហាផ្ទៃ ធ្វើណែនាំដល់អគ្គលេខាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបា លជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួង និង រដ្ឋបាលរាជធានី-ខេត្ត ត្រូវវិធានការសំខាន់ៗមួយចំនួន ដើម្បីលុបបំបាត់ការនាំមនុស្ស ចេញ-ចូល ឆ្លងកាត់ព្រំដែនដោយ ខុសច្បាប់ និងការគ្រប់គ្រងជនបរទេស។

ក្នុងសេចក្ដីណែនាំរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីធានារក្សាសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពក្នុងសង្គម ក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍ និងវិធានាការជាបន្ដបន្ទាប់ ក្នុងការបង្ការ ទប់ស្កាត់ និងបង្កា្របសកម្មភាពឆ្លង កាត់ព្រំដែនដោយខុសច្បាប់ និងការគ្រប់គ្រងជនបរទេសស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួង បន្ដថា ក្នុងបិរការណ៍ដែលព្រះរាជាណាចក្រកម្ពុជាកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានរឹតត្បិតការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជា ហើយៗនេះ ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល និងផ្នែកខ្លះនៃភូមិសាស្ដ្រតាមខេត្តមួយចំនួន ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីបង្ការទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជងឺនេះ ក្នុងសហគមន៍។

ក្រសួង បន្ថែមថា ផ្អែកលើគោលការណ៍ និងវិធានការខាងលើនេះ អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បាន ប្រឹងប្រែងយក ចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ក្នុងសង្គម។

ទោះបីយ៉ាងនេះក្តី ក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញករណីនៃការនាំពលរដ្ឋកម្ពុជា និងជនបរទេសឆ្លងកាត់ព្រំដែនដោយខុសច្បាប់ នៅតែកើតមានជាបន្តបន្ទាប់ ក្នុងនោះ ក៏មានករណីមួយចំនួនមានក្រុមមេក្លោង និង មេខ្យល់ក្នុងស្រុក ឃុបឃិតជាមួយក្រុមមេក្លោង និងមេខ្យល់ពីខាងក្រៅ ដើម្បីរត់ពន្ធមនុស្សឆ្លងកាត់ព្រំដែនដោយ ខុសច្បាប់ផងដែរ។

ទន្ទឹមនេះ ក៏មានសកម្មភាពលួចលាក់ដឹកជញ្ជូនជនបរទេសចេញ-ចូលភូមិសាស្ត្របិទខ្ទប់ ក្នុង គោលបំណង និងគោលដៅផ្សេងៗគ្នា ដោយគេចចេញពីការធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល ដែលអាចបង្ក ឱ្យមានហានិភ័យក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពក្នុងសង្គមថែមទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ