ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា កម្ពុជា-ឡាវ  នឹងបន្តធ្វើឱ្យបានកាន់តែប្រសើរឡេីង រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមតំបន់ព្រំដែន។

ក្នុងកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងក្រសួងមហាផ្ទៃកម្ពុជា នាថ្ងៃទី១៩  ខែមីនា  ឆ្នាំ២០២៣  នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានមានប្រសាសន៍ស្វាគមន៍  សម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូ មុននឹងបន្តលើកឡើងអំពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងទាំងពីរ ក្នុងនោះរាប់ទាំងខេត្តជាប់ព្រំដែន។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហាញការពេញចិត្តចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងទាំងពីរដែរ និងមានក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបទពិសោធ នៃកិច្ចសហប្រតិបត្តិការ និងការជួបប្រជុំគ្នាជាទៀតទាត់ដូចពេលនេះ ភាគីទាំងពីរ នឹងបន្តធ្វើឱ្យបានកាន់តែប្រសើរការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមតំបន់ព្រំដែន និងការងារសំខាន់ៗជាច្រើនទៀត។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង បានអញ្ជើញចុះហត្ថលេខារួមគ្នាលើឯកសារ ស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ២០២៣ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សូមបញ្ជាក់ថា ទស្សនកិច្ចការងាររបស់សម្ដេចក្រឡាហោម និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយសម្តេចក្រឡាហោម ស ខេង អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខាកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ