នាយឧត្តមសេនីយ៍ នេត សាវឿន លើកទឹកចិត្តដល់នគរបាល ត្រូវបន្តវីរភាពអង់អាចក្លាហាន ដើម្បីរក្សាសុខសន្តិភាព និងការពារឯករាជ្យភាព
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកទឹកចិត្តដល់កងកម្លាំង នគរបាលជាតិគ្រប់ផែនជំនាញ បន្តនូវវីរភាពអង់អាចក្លាហាន លើកកម្ពស់ស្មារតីស្នេហាជាតិ ព្រមទាំង ប្តេជ្ញា រក្សាសុខ សន្តិភាព ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី។
យោងតាមសារលិខិតជូនពរ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្ញើជូនកងកម្លាំងនគរបាលជាតិ ទូទាំងប្រទេស ចេញ ផ្សាយថ្មីៗនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានឱ្យដឹងថា ថ្វីត្បិតតែមាតុភូមិកម្ពុជាទទួលនូវសន្តិភាពពេញលេញ ប្រជាពលរដ្ឋរស់នៅក្នុងភាពកក់ក្ដៅ សុខសាន្ត សម្បូរសប្បាយយ៉ាងណាក្តី ប៉ុន្តែការធានាស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម គឺជាកត្តាចាំបាច់បំផុតមិនអាចខ្វះបាន ដើម្បីឲ្យការអភិវឌ្ឍប្រទេសជាតិប្រកបដោយ និរន្តភាព មានសេដ្ឋកិច្ចខ្លាំងក្លា កាត់បន្ថយភាពក្រីក្រ ប្រជាពលរដ្ឋកាន់តែមានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត។
នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមអគ្គស្នងការនគរបាលជាតិ ខ្ញុំសូមគាំទ្រលើកទឹកចិត្ត និងសំណូម ពរដល់កងកម្លាំង នគរបាលជាតិគ្រប់ផែនជំនាញ បន្តនូវវីរភាពអង់អាចក្លាហាន លើកកម្ពស់ស្មារតីស្នេហាជាតិ ប្តេជ្ញារក្សាសុខ សន្តិភាព ការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី ការពារជាតិ សាសនា ព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលស្របច្បាប់»។
នាយឧត្តមសេនីយ៍ បន្ដថា កងកម្លាំងនគរបាលជាតិគ្រប់ជាន់ថ្នាក់ រក្សាឲ្យបាននូវ សីលធម៌ វិន័យកងកម្លាំងនគរបាលជាតិ ព្រមទាំងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ថែរក្សាសុខភាពផ្ទាល់ខ្លួន ដោយផ្លាស់ប្តូរទម្លាប់ក្នុងការរស់នៅឲ្យស្របតាមគន្លងថ្មី ព្រមទាំងអប់រំណែនាំដល់ក្រុមគ្រួសារអនុវត្តឲ្យបាន ខ្ជាប់ខ្ជួននូវវិធានសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើជាគំរូដល់ ប្រជាពលរដ្ឋក្នុងការបង្ការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ការពារសុខភាពសាធារណៈ អាយុជីវិត មនុស្ស និងសង្គមជាតិ៕EB