ភ្នំពេញ ៖ លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ផ្អែកលើ គោលការណ៍ច្បាប់សិទ្ធិមនុស្ស ជាតិ-អន្តរជាតិ អាជ្ញាធរសាធារណៈ អាចកំណត់លក្ខខណ្ឌក្នុងការជ្រើសរើសមន្រ្តី ដូចជា លក្ខខណ្ឌ អាយុ បទពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព និងចាក់វ៉ាក់សាំង ជាដើម។

លោក ជិន ម៉ាលីន បានឱ្យដឹងបែបនេះ ក្រោយពីអ្នកសារព័ត៌មាន ចោទសួរថា តើការកំណត់វ៉ាក់សាំងកាតព្វកិច្ចសម្រាប់ មន្ត្រីរាជការ និងជាលក្ខខណ្ឌសម្រាប់ធ្វើជាមន្រ្តី ជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ ដូចការចោទប្រកាន់ របស់សង្គមស៊ីវីលមួយចំនួន ដែរឬទេ?

តាមរយៈសារតេឡេក្រាម កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ជិន ម៉ាលីន បានឆ្លើយតបវិញថា «ផ្អែកលើគោ លការណ៍ច្បាប់សិទ្ធិមនុស្សជាតិ និងអន្តរជាតិ អាជ្ញាធរសាធារណៈ អាចកំណត់នូវលក្ខខណ្ឌមួយចំនួន បានក្នុងការជ្រើស រើសមន្រ្តី ដូចជា លក្ខខណ្ឌអាយុ បទពិសោធន៍ សញ្ញាបត្រ ពិរុទ្ធភាព ការចាក់វ៉ាក់សាំង ជាដើម។ រួមទាំង លក្ខខណ្ឌផ្សេង ទៀតផងដែរ ដែលមានភាពចាំបាច់ និងដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាពរបស់ស្ថាប័ន ដែលការកំណត់នេះមិនមែនជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់នោះទេ ព្រោះថា វាធ្វើឡើងដើម្បី ប្រយោជន៍សាធារណៈ ហើយជាពិសេសលក្ខខណ្ឌវ៉ាក់សាំងនេះ គឺដើម្បីទប់ស្កាត់និងប្រយុទ្ធប្រឆាំងការឆ្លងរាលដាលកូវីដ-១៩ មិនមែន ដើម្បីប្រយោជន៍ឯកជននោះទេ»។

លោក បន្ដថា ប្រសិនបើការកំណត់លក្ខខណ្ឌវ៉ាក់សាំងកាតព្វកិច្ចនេះ ជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ ដូចសង្គមស៊ីវីលចោទប្រកាន់មែននោះ ហេតុអ្វីក៏មិនលើកពីលក្ខខណ្ឌផ្សេងទៀត ដូចជា អាយុ បទពិសោធន៍ និងសញ្ញាបត្រ ជាដើម ជាការរំលោភបំពានសិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ ព្រោះថា អ្នកដែលមិនអាចបំពេញបានលក្ខខណ្ឌទាំងនេះ មិនអាចប្រឡងធ្វើជាមន្រ្តី បាននោះទេ។

លោក បន្ថែមថា សិទ្ធិស្មើភាពគ្នាចំពោះមុខច្បាប់ មិនមែនមានន័យថា ពលរដ្ឋត្រូវទទួលបាននូវលក្ខខណ្ឌ ដូចគ្នា ទាំងអស់ពីរដ្ឋនៅគ្រប់ករណី និងគ្រប់កាលៈទេសៈនោះទេ គឺអាចមានការលើកលែង ហើយដែលករណីលើកលែងនេះ ធ្វើឡើងក្នុងស្ថានភាពចាំបាច់ និងដើម្បីប្រយោជន៍សាធារណៈ ដូចជា អនីតិជន មិនអាចបោះឆ្នោតបាន អ្នកធ្លាប់មានទោសពីបទឧក្រិដ្ឋមិនត្រូវបានអនុញ្ញាតឱ្យធ្វើជាមន្រ្តីរាជការ និងលោកសង្ឃមិនអាចបង្កើតបក្សនយោបាយបាន ជាដើម៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ