NOCC អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងអង្គរក្រោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩បញ្ចប់
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវកាលពីពេលថ្មីៗនេះ ឱ្យប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរក្នុងស្រុកចូលរួមរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ នៅខេត្ដសៀមរាប នាដើមខែធ្នូ ឆ្នាំ២០២០។
កន្លងមក ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យទិវារត់ប្រណាំងធំៗចំនួនពីរ គឺពាក់កណ្តាលម៉ារ៉ាតុង ភ្នំពេញអន្តរជាតិ ក្នុងខែមិថុនា និងទិវាម៉ារ៉ាតុងចក្រភពខ្មែរ នៅខេត្តសៀមរាប នាខែសីហា ឆ្នាំ២០២០ ត្រូវបានប្រកាសលើកទៅរៀបចំនៅឆ្នាំ២០២១វិញ។ រីឯទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ នាខែធ្នូ ឆ្នាំ២០២០ ត្រូវបន្តរៀបចំដដែល ដោយលោក វ៉ាត់ ចំរើន បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរចូលរួមរត់ប្រណាំង បើទោះបីជាក្នុងស្ថានភាពនេះមិនអាចស្រូបបានអ្នករត់មកពីក្រៅប្រទេសយ៉ាងណាក្តី។ ការរៀបចំទិវាកីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំមួយនេះនឹងត្រូវអនុវត្តន៍តាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសឱ្យប្រមូលផ្តុំ និងការប្រកួតនានាឡើងវិញជាជំហានៗ ហើយតាមរយៈទិវានៅតំបន់អង្គរនេះនឹងបង្ហាញចេញនូវសុវត្ថិភាព សន្តិភាព នៃតំបន់ទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ៕SP